About Me

header ads

ភ្លៀងធ្លាក់ជោកជាំរាល់ថ្ងៃ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់បារម្ភពីការលិចលង់ដំណាំដាំដុះ និងលំនៅឋាន

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោយពីមេឃបង្អុរភ្លៀងជោកជាំរាល់ថ្ងៃ ដោយភ្លៀង១មេៗ មានរយ:ពេលយូរ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំស្ទឹងសាលាក្រៅមួយចំនួន និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានការព្រួយបារម្ភ ចំពោះដំណាំ ដាំដុះរបស់ខ្លួន ដូចជាពោតក្រហម និងដំឡូងមីជាដើម ដែលកំពុងតែលូតលាស់យ៉ាងល្អនៅលើដីចំការរបស់ខ្លួន ។ ពួកគាត់ក៏ព្រួយបាម្ភចំពោះការលិចលង់លំនៅឋានផងដែរ ព្រោះជាទំបន់ទំនាបជាងក្រុងប៉ៃលិន អាចប្រឈមនឹងការលិចលង់ បើសិនជាទឹកភ្លៀងហូរពីក្រុងប៉ៃលិនចូលពេញអូរ បណ្តាលឱ្យហូរបែកចូលភូមិ ធ្វើឱ្យលិចផ្ទះសម្បែងជាក់ជាមិនខាន បើសិនជាភ្លៀងនៅបន្តធ្លាក់ខ្លាំងជារៀងរាល់ថ្ងៃ ។ 




ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិកូនដំរី និងភូមិផ្ទះស្បូវ ក្នុងឃុំស្ទឹងត្រង់ បានឱ្យភ្នាក់ងារយើងដឹងថា ៖ ជារៀងរាល់ឆ្នាំ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ រួមជាមួយនឹងដំណាំដាំដុះ បានទទួលការលិចលង់ និងរងការខូចខាតអស់មួយចំនួន ដោយសារជំនន់ទឹកភ្លៀង ។ ប្រភពបន្តទៀតថា ជាមួយគ្នានេះដែរ រហូតមកដល់ពេលឥឡូវ មេឃបានធ្លាក់ភ្លៀងជាច្រើនមេ ហើយមានរយ:ពេលយូរ ជាហេតុធ្វើឱ្យពួកគាត់មានការលំបាកចិត្ត ហើយបារម្ភក្រែងលិចលង់លំនៅឋានដូចឆ្នាំមុនៗ ។ ដូច្នេះហើយ ទោះបីជាយប់ ឬថ្ងៃ ពួកគាត់មិនសូវហ៊ានចេញដើរទៅណាឆ្ងាយពីផ្ទះរបស់ខ្លួននោះឡើយ ដើម្បីងាយស្រួលប្រមូលជញ្ជូនសម្ភារ ពេលមានការលិចលង់ ដោយទឹកជំនន់ ។ 



ចំណែកលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ រហូតមកដល់ពេលនេះ មិនទាន់មានទឹកជំនន់ហូរចេញពីអូរ ចូលទៅក្នុងភូមិ និងដីចំការរបស់ប្រជាពលរដ្ឋនៅឡើយទេ ដោយសារភ្លៀងរាំងៗ មិនមានការភ្លៀងគំហុក ទើបធ្វើឱ្យទឹកហូរតា មអូរធ្លាក់ទៅខាងក្រោមអស់ ។ លោកបន្តទៀតថា តែបើសិនជាភ្លៀងជាប់ៗ គ្នារាល់ថ្ងៃ អាចប្រឈមនឹងការលិចលង់ ហើយខណ:ពេលនេះ ខាងមន្ទីរកំពុងតែតាមដានមើលសកម្មភាពទឹកភ្លៀងដែរ ដោយសារខាងក្រសួងប្រកាសថា នៅផ្នែកពាយព្យអាចនឹងមានភ្លៀងធ្លាក់រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ទើបឈប់ទៅវិញ ។ តែបើមានការប្រែប្រួលយ៉ាងណា ខាងក្រសួង នឹងចេញសេចក្តីប្រកាសសារជាថ្មីឡើងវិញ ដើម្បីឱ្យយើងត្រៀមខ្លួន ប្រុងប្រយ័ត្ន ចំពោះបញ្ហាជំនន់ទឹកភ្លៀង ដែលអាចនឹងកើតមាននៅពេលណាមួយ ។ លោកបញ្ជាក់ទៀតថា ពេលនេះ នៅតំបន់ដីទំនាបក្នុងឃុំស្ទឹងត្រង់ ប្រជាពលរដ្ឋដាំដំណាំក្រូចពោធិ៍សាត់ និងដំណាំហូបផ្លែធំៗ ពេលទឹកលិចរយ:ពេលខ្លីគឺមិនបណ្តាលឱ្យខូចខាតនោះឡើយ ដោយពួកគាត់ផ្អាកការដាំពោតក្រហម និងដំឡូងមី ៕