អភិបាលខេត្តកំពង់ចាម ចុះពិនិត្យមន្ទីរពិសោធន៍ វិភាគសំណាកជម្ងឺកូវីដ ១៩ និងរៀបចំទីតាំង ដាក់ម៉ាស៊ីនផលិតអុកស៊ីស្សែន នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្នុងខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះពិនិត្យ មន្ទីរពិសោធន៍វិភាគសំណាកជម្ងឺកូវីដ ១៩ និងរៀបចំទីតាំង ដាក់ម៉ាស៊ីនផលិតអុកស៊ីស៊ែន នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ។ 



លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានបន្ទីរពេទ្យ ខេត្តកំពង់ចាម បានឲ្យដឹងថា ថ្មីៗនេះមន្ទីរពេទ្យ បានរៀបចំមន្ទីរពិសោធន៍ ១កន្លែង ដើម្បី ពិនិត្យសំណាកវិភាគជម្ងឺកូវីដ ១៩ ដោយប្រើប្រាស់ម៉ាស៊ីនកម្រិតមធ្យម អាចពិនិត្យ ក្នុងមួយថ្ងៃ បានចំនួន ១០០ករណី ។ 



បច្ចុប្បន្ន យើងកំពុងធ្វើការសាកល្បង ហើយលទ្ធផលទាំងអស់ ត្រូវបានយកទៅផ្ទៀងផ្ទាត់ នៅវិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានសុខភាពសាធារណៈ មួយរយៈសិន រហូតសម្រេចលទ្ធផលដូចគ្នា ទើបមន្ទីរពិសោធន៍ ខេត្តកំពង់ចាម មានលទ្ធភាព នឹងចេញលទ្ធផលដោយផ្ទាល់ អំពីវីរុសកូវីដ ១៩ នេះ ។ លោកប្រធានមន្ទីរពេទ្យ បានឲ្យដឹងទៀតថា ជាមួយនឹងការចុះពិនិត្យមន្ទីរពិសោធន៍នេះដែរ ឯកឧត្ដមអភិបាលខេត្ត និងមន្ត្រីអមដំណើរ ក៏បានអញ្ជើញពិនិត្យមើលទីតាំង ដើម្បីដាក់ម៉ាស៊ីនផលិតអុកស៊ីស៊ែន ដែលជាជំនួយ របស់លោក ហ៊ុន ម៉ានិត ផងដែរ ។ 



លោកសាស្ត្រាចារ្យ យិន ស៊ីណាត បានបញ្ជាក់ឲ្យដឹងដែរថា ម៉ាស៊ីនផលិតអុកស៊ីស្សែន នេះ មានសមត្ថភាព អាចផលិតអុកស៊ីស្សែន បានក្នុងមួយម៉ោង ចំនួន ១០បំពង់ ។ គួរកត់សម្គាល់ដែរថា ក្រោយការពិនិត្យទីតាំង ខាងលើង វិស្វករ និងរៀបចំប្លង់ ដើម្បី ធ្វើការសាងសង់ក្នុងពេលឆាប់ៗខាងមុខ ដែលគម្រោងនេះ  ឧបត្ថម្ភគាំទ្រ ពីរដ្ឋបាលខេត្តកំពង់ចាម ៕