About Me

header ads

រដ្ឋបាលខេត្តប៉ៃលិនចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ

ខេត្តប៉ៃលិន ៖ 

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន និងជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ ក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះតទៅ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ កុមារ និងយុវជន នៅមន្ទីរពេទ្យបង្អែកខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ជូនដល់ក្មួយៗ ដែលជាទំពាំងស្នងឫស្សី ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រ ការពារប្រឆាំងនឹងជំងឺឆ្លងរាត ត្បាតជំងឺកូវីដ-១៩ ។



លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣.ការពារ៣.កុំ របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។



សូមបញ្ជាក់ថា៖ នៅទូទាំងខេត្តប៉ៃលិន កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំដែលត្រូវចាក់វ៉ាក់សាំង មានចំនួន ១០០០៩នាក់ ក្នុងនោះក្រុងប៉ៃលិន ចំនួន៥២២៣នាក់ និងស្រុកសាលាក្រៅ ចំនួន៤៧៨៦នាក់ ហើយកន្លងមក រដ្ឋបាលខេត្ត បានជម្រាបជូនដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាលទាំងអស់នៅទូទាំងខេត្ត អោយនាំយកកូនចៅ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ មកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន គឺចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ តទៅមានរយៈពេល ១៤ថ្ងៃ ដោយពេលព្រឹកចាប់ពីម៉ោង ៨ និង០០នាទីព្រឹក ដល់ម៉ោង ១១ និង០០នាទី ពេលរសៀលចាប់ពីម៉ោង ២ និង០០នាទីរសៀល ដល់ម៉ោង ៥ និង០០នាទីល្ងាច ៕