About Me

header ads

អភិបាលខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ

ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន  អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម នាព្រឹកទី០៩ ខែសីហា ឆ្នាំ២០២១នេះ ។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបង្ការ នៅក្នុងខេត្តកំពង់ចាម នាពេលនេះដែរ គឺធ្វើឡើងសម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលរដ្ឋបាលខេត្តកំពង់ចាម បានចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ តទៅ ។ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋដែលបាននាំកូន ក្មួយៗ មកទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ខាងលើ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នា ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងសុវត្ថិភាពផ្សេងៗ ។ ទន្ទឹមនោះដែរដែរ ក្រោយទទួលបានវ៉ាក់សាំងបង្ការរួចហើយ សូមប្អូនៗ ក្មួយៗ ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បី ចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏ដ៏កាចសាហាវនេះ ខណៈដែល នាបច្ចុប្បន្ន  វីរុសបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) កំពុងចរាចរណ៍វាយលុកក្នុងប្រទេសកម្ពុជា ក៏ដូចជា បណ្ដាប្រទេសមួយចំនួន នៅក្នុងពិភពលោក គួរឲ្យព្រួយបារម្ភ ផងដែរ ។



បើតាម ឯកឧត្ដមវេជ្ជបណ្ឌិត គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការចុះចាក់វ៉ាក់សាំង ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពីអាយុ ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ នៅទូទាំងខេត្ត ដោយគ្រោងចាក់លើកុមារ និងយុវវ័យ សរុបចំនួន ១១៧.៥៩៨នាក់ ។ ជាមួយនោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានរៀបចំទីតាំង សរុបចំនួន ២២កន្លែង ដើម្បី ជួយសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗ ក៏ដូចជា មាតា បិតា ឬអាណាព្យាបាល នៅក្នុងតំបន់ ដើម្បី មកទទួលសេវាខាងលើនេះ ផងដែរ។