ស្រ្តីមេម៉ាយជាកសិករម្នាក់ លំបាកជួលកម្មករបាញ់ថ្នាំក្នុងចំការខ្លួន សម្រេចចិត្តទិញដ្រូនតម្លៃជាង១០,០០០ដុល្លារ

ខេត្តប៉ៃលិន ៖ 

គេសង្កេតឃើញថា នេះជាលើកដំបូងហើយ ដែលមានកសិករម្នាក់ ជាស្រ្តីមេ ម៉ាយ សម្រេចចិត្តទិញឧបករណ៍បាញ់ថ្នាំ (ដ្រូន) យកមកបង្ហោះបាញ់ថ្នាំកសិកម្ម កំចាត់សត្វល្អិត និងថ្នាំប៉ូវ លើដំណាំដាំដុះរបស់ខ្លួន ដូចជាស្វាយកែវរមៀត ដំណាំពោតក្រហម និងដំណាំស្វាយចន្ទីសរុបជាង១០ហិកតា នៅលើដីចំការរបស់ខ្លួនក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ហើយដោយសារតែជួបនឹងលំបាកក្នុងការជួលកម្មករ ព្រោះគេទារថ្លៃខ្ពស់ លុះមានឧបករណ៍ខ្លួនឯង គាត់អាចស៊ីឈ្នួលដើរបាញ់ថ្នាំឱ្យអ្នកភូមិបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពបន្ថែមទៀត ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានកសិករម្នាក់ ឈ្មោះ ប៊ុត ស្រីអូន អាយុ៥៥ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូនប្រុស២នាក់ ក្នុងបន្ទុក រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃ លិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានចំណាយថវិកាទិញដ្រូន១គ្រឿងតម្លៃជាង១ម៉ឺនដុល្លារ ហើយដែលគេចាត់ទុកថា ជាកសិករដំបូងក្នុងខេត្តប៉ៃលិន ដែលហ៊ានទិញដ្រូនយកមកបាញ់ថ្នាំ កំចាត់សត្វល្អិត និងថ្នាំប៉ូវ ក្នុងចំការ ដែលពុំធ្លាប់មានពីមុនមក ។  



បើតាមប្រភពព័ត៌មានពីស្រ្តី ឈ្មោះ ប៊ុត ស្រីអូន ជាម្ចាស់ចំការខាងលើ បានរៀបរាប់ឱ្យដឹងថា ៖ ចាប់តាំងពីទិញឧបករណ៍ (ដ្រូន) បាញ់ថ្នាំកសិកម្មកំចាត់សត្វដង្កូវ និង ថ្នាំប៉ូវនៅក្នុងចំការរបស់ខ្លួន បានរយ:ពេលជាង១ខែមកនេះ ពិតជាបង្កភាពងាយស្រួល និងមិនប៉ះពាល់ដល់សុខភាពដូចស្ពាយធុងថ្នាំពុលបាញ់ផ្ទាល់ដៃនោះឡើយ ហើយការបាញ់ថ្នាំក៏ឆាប់រហ័ស អាចស៊ីឈ្នួលបាញ់ថ្នាំឱ្យប្រជាពលរដ្ឋនៅតាមចំការមួយចំនួនក្នុងក្រុងប៉ៃលិនពេលទំនេរពីចំការរបស់ខ្លួនដែរ ។ គាត់បន្តទៀតថា ពេលនេះ បើកសិករណាម្នាក់ លំបាកជួលកម្មករទៅបាញ់ថ្នាំ អាចជួលដ្រូនរបស់គាត់ ដែលមានតម្លៃសមរម្យ យកទៅបាញ់ថ្នាំជូនបានភ្លាមៗ គឺដំណាំស្វាយកែវរមៀត ស្វាយចន្ទីរ តាង៉ែនហៅមៀនប៉ៃលិន ក្នុង១ហិកតា យកថ្លៃឈ្នួល ត្រឹមតែ៦០០០០រៀល ដំណាំពោតក្រហម ដំឡូងមី ១ហិកតាត្រឹមតែ តម្លៃ៥០០០០រៀល រីឯដំណាំស្រូវក្នុង១ហិកតា តម្លៃ៤០០០០រៀលប៉ុណ្ណោះ ។ គាត់បន្ថែមទៀតថា នៅក្នុងចំការគាត់ផ្ទាល់ ក្រោយប្រើឧបករណ៍ដ្រូនបាញ់ថ្នាំប៉ូវលើដំណាំ ត្រឹមតែរយ:ពេល១អាទិត្យ សង្កេតឃើញដំណាំរបស់ខ្លួនបញ្ចេញត្រួយខៀវខ្ចីគួរឱ្យកត់សម្គាល់ ។ គាត់មិនត្រឹមតែមានដ្រូនបាញ់ថ្នាំ គាត់ក៏មានលក់ជីកសិកម្ម និងថ្នាំប៉ូវសម្រាប់បាញ់ដំណាំគ្រប់ប្រភេទផងដែរ ។ 




គាត់បញ្ជាក់ថា ការបាញ់ថ្នាំ ដោយឧបករណ៍ដ្រូននេះ មានភាពងាយស្រួល ធ្វើឱ្យស្រោចលើដំណាំសព្វកន្លែង(ស្លឹក) ក្នុង១ហិកតា បាញ់ត្រឹមតែរយ:ពេល១០នាទីប៉ុណ្ណោះ ដោយ១ថ្ងៃ អាចបាញ់ថ្នាំបានរហូតដល់២០ហិកតា ។ ដូច្នេះបើសិនជាកសិកររស់នៅក្នុងខេត្តប៉ៃលិន មានចំណាប់អារម្មណ៍ ចង់ជួលយកទៅបាញ់ ថ្នាំក្នុងចំការរបស់ខ្លួន ខណ:ពិបាករកជួលកម្មករ អាចទាក់ទាងមកលេខរបស់គាត់បានគឺ 07142 88 333 / 086 25 36 23 / 068 65 38 28  ៕