About Me

header ads

ឯកឧត្តម គឹម រ័ត្នណារិន និងឯកឧត្តម អ៉ិត សុធា ប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់រងចាំព្រះវស្សាក្នុងពុទ្ឌសីមាវត្តត្រពាំងប្រាសាទ

ខេត្តកំពង់ចឆ្នាំង៖ 

នៅព្រឹកថ្ងៃទី២២ ខែកក្កដា  ឆ្នាំ២០២១នេះ ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន ០២វត្ត   គឺវត្តត្រពាំងប្រាសាទ និងវត្តព្រះច័ន្ទរង្សី ស្ថិតនៅឃុំពិជចង្វារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។


នាឱកាសនោះ ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប្រគេនទេយ្យវត្ថុដល់វត្តទាំងពីរ ដោយក្នុងមួយវត្តៗទទួលបានអង្ករ២ការ៉ុង  ស្កស១ការ៉ុង ទឹកសុទ្ធ៣កេស ទឹកក្រូច៣កេស ទឹកត្រី២កេស  ទឹកស៊ីអុីវ២កេស ម៉ាស់១កេស(ស្មើ២៥០០ម៉ាស់) អាល់កុល៣០លីត្រ ត្រីខ៥០កំប៉ុង  បាយ១០ប្រអប់ធំ និងបច្ច័យកសាង ៥០០,០០០រៀល ។គួរកត់សម្គាល់ថា ពិធីចូលព្រះវស្សា គឺជាច្បាប់មួយ របស់ព្រះពុទ្ធ ដែលតម្រូវឲ្យព្រះសង្ឃគ្រប់អង្គ ដែលប្រតិបត្តិសាសនា ទ្រង់ត្រូវគង់ចាំព្រះវស្សា នៅក្នុងវត្តនីមួយៗ រយៈពេល ៣ខែ ទៅតាមពុទ្ធប្បញ្ញត្តិ របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើង និងបានកំណត់យកថ្ងៃ ១រោច ខែអាសាឍ តទៅ ។


តាមការតំណាលតៗមកថា ពិធីចូលព្រះវស្សា មានអត្ថន័យសង្ខេបថា កាលពីជំនាន់ព្រះសម្មាសម្ពុទ្ធគង់នៅ មានភិក្ខុសាមណេរជាច្រើនអង្គ បានចេញទៅធ្វើធុតង្គ (អង្គរបស់ធម៌ ជាគ្រឿងកម្ចាត់នូវកិលេស) នៅតាមព្រៃភ្នំឆ្ងាយៗ លុះជិតដល់ពេលចូលព្រះវស្សា ព្រះភិក្ខុ និងសាមណេរជាច្រើនអង្គនោះ មានបំណងវិលមកវត្ត ដើម្បី ចូលរួមពិធីចូលព្រះវស្សាឱ្យទាន់ពេល នៅកន្លែងព្រះអង្គវិញ ។នៅតាមផ្លូវធ្វើដំណើរ ក៏មានភ្លៀងធ្លាក់ជោកជាំស្ទើរតែរាល់ថ្ងៃ ជាហេតុពិបាកក្នុងការវិលមកវិញឱ្យទាន់ពេល ធ្វើឱ្យព្រះភិក្ខុ និងសាមណេរអាក់ខាន ចូលព្រះវស្សានៅពាក់កណ្តាលផ្លូវ ។ បន្ទាប់ពីការគង់ចាំព្រះវស្សា រយៈពេល ៣ខែ ផុតទៅ ព្រះភិក្ខុ និងសាមណេរ បានធ្វើដំណើរ ទៅដល់កន្លែងព្រះសម្មាសម្ពុទ្ធគង់នៅ ពេលនោះព្រះពុទ្ធបានទូលសួរទៅភិក្ខុសាមណេរទាំងអស់ថា «ភិក្ខុសាមណេរ មានសេចក្តីសុខទុក្ខយ៉ាងណា នៅពេលចាំវស្សា ត្រឹមពាក់កណ្តាលផ្លូវបែបនេះ?» ភិក្ខុសាមណេរ ក៏បានទូលប្រាប់ព្រះពុទ្ធថា សេចក្តីសុខទុក្ខ ជាធម្មតាទេ តែមានការលំបាកដោយមានភ្លៀងធ្លាក់ជោកជាំ ធ្វើឱ្យស្បង់ចីវរទទឹក ឬប្រឡាក់ ។ 

នេះជាបញ្ហាមួយ ដែលនាំផលវិបាក ដល់ភិក្ខុសាមណេរ ហើយចំណេរចីរកាលមក ក៏មានត្រណមមិនឲ្យព្រះសង្ឃនិមន្តចេញក្រៅវត្ត ដោយគ្មានភារកិច្ចចាំបាច់ ។យ៉ាងណាមិញ ដោយមានតំណាលបែបនេះ នៅពេលដល់ចូលព្រះវស្សា (គង់ចាំវស្សាក្នុងវត្ត) រយៈពេល ៣ខែ ភិក្ខុសាមណេរគង់ក្នុងវត្ត បានសិក្សារៀនសូត្រពីព្រះធម៌ និងព្រះវិន័យឲ្យបានល្អ ពីព្រោះថា រដូវនេះមានភ្លៀងធ្លាក់ ធ្វើឲ្យព្រះសង្ឃពិបាកក្នុងការនិមន្តដើរបិណ្ឌបាត្រ រីឯប្រជាកសិករវិញ ពួកគាត់ក៏មានការរវល់ក្នុងការធ្វើស្រែចំការ ផងដែរ ។ លុះពេលចេញវស្សា ប្រជាពលរដ្ឋទូទាំងប្រទេស តែងធ្វើបុណ្យកឋិនដង្ហែរទៅវត្តប្រគេនទេយ្យទាន ទេយ្យវត្ថុ ស្បង់ចីវរ ដល់ភិក្ខុសាមណេរ ក្នុងវត្តនានា ៕