About Me

header ads

អាជ្ញាធរខេត្តប៉ៃលិនចុះសួរសុខទុក្ខពលករ ទើបវិលត្រឡប់មកពីប្រទេសថៃ និងពិនិត្យមណ្ឌលចត្តាឡីស័ក, មណ្ឌលព្យាបាលជំងឺកូវីដ ១៩

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីមានពលករឆ្លងដែន មកពីប្រទេសថៃ កំពុងសម្រាកនៅតាមមណ្ឌលចត្តាឡីស័ក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមនឹងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យទីតាំងសាលារៀនរដ្ឋមួយចំនួន ដើម្បីត្រៀមលក្ខណៈរៀបចំទីតាំងថ្មីបន្ថែម ទទួលពលករឆ្លងដែនមកពីប្រទេសថៃ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ~១៩ ប្រភេទបំលែងថ្មី Delta ។ 

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានលើកឡើងថា ៖ ដោយអនុវត្តតាមការណែនាំ និងវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ទើបរដ្ឋបាលខេត្ត រៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើនកន្លែង សម្រាប់អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងអ្នកទើបត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ។ លោកជំទាវបន្តទៀតថា ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ខេត្ត ធ្វើម្ហូបអាហារ សម្រាប់ពួកគាត់ ដែលកំពុងធ្វើចត្តាឡីស័កចំនួន៣ពេល ជាប្រចាំថ្ងៃតែម្តង ។



លោកជំទាវ អភិបាលខេត្ត បានជំរុញដល់លោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការ តាមមន្ទីរស្ថាប័នជុំវិញខេត្ត សូមចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានក្នុងបរិវេណសាលា និងតាមបន្ទប់រៀននីមួយៗ អោយស្អាតល្អ មានសោភ័ណភាព សម្រាប់ប្រជាពលរដ្ឋ ស្នាក់នៅធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ លុះក្រោយពីជំងឺកូវីដ-១៩ ត្រូវបញ្ចប់ សិស្សានុសិស្ស អាចចូលសិក្សាជាធម្មតាវិញ ។



លោកជំទាវក៏បានកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច ក្រុមគ្រូពេទ្យជំនាញ មន្ត្រីរាជការទាំងអស់ ដែលកំពុងបំពេញបេសកកម្មសម្រាប់ប្រជាជន និងប្រទេសជាតិ តាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ។



សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តប៉ៃលិន កំពុងដំណើរការមណ្ឌលចត្តាឡីស័កចំនួន២កន្លែងគឺ៖ ទី១- មណ្ឌលចត្តាឡីស័ក អតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ និងទី២- មណ្ឌលចត្តាឡីស័កមជ្ឍមណ្ឌលនារី  (ស្រែត្នោត ក្រុងប៉ៃលិន) និងមណ្ឌលសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ ចំនួន១កន្លែង គឺ៖ មណ្ឌលវិទ្យាល័យ ហ៊ុន សែន សាលាក្រៅថ្មី ៕ 


ដោយ ៖ នីយ៉ា