About Me

header ads

ម្ចាស់រមណីយដ្ឋានម្លប់សាវម៉ាវចាប់ផ្តើមប្រមូលផលផ្លែសាវម៉ាវ និងផ្លែទុរេនលក់ឱ្យភ្ញៀវ ពេលចូលទៅលេងកម្សាន្ត

ខេត្តប៉ៃលិន ៖ 

អស់រយ:ពេលជិត១អាទិត្យមកហើយ គេសង្កេតឃើញ រមណីយដ្ឋានមួយកន្លែង មានឈ្មោះថា «ម្លប់សាវម៉ាវ» ត្រូវបានម្ចាស់ធ្វើការប្រមូលផល ដោយបេះផ្លែសាវម៉ាវ និងផ្លែទុរេន ក្នុងរមណីយដ្ឋានរបស់ខ្លួន ជាប់នឹងមាត់ស្ទឹងបរយ៉ាខា ដើម្បីថ្លឹងលក់ឱ្យភ្ញៀវ ដែលចូលទៅលេងកម្សាន្ត ទិញយកទទួលទានយ៉ាងឆ្ងាញ់ពិសា ជាពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែម្តង ខណ:ពេលដែលពួកគាត់ រស់នៅក្នុងក្រុងប៉ៃលិន នាំគ្នាចូលទៅអង្គុយលេងជាលក្ខណ:គ្រួសារ ទោះបីជាបញ្ហាជំងឺកូវីដ-១៩ ធ្វើឱ្យមានការធ្លាក់ចុះភ្ញៀវទេសចរណ៍ ក៏គាត់អាចលក់ផ្លែឈើទាំងនេះ ដាច់ជាហូរហែផងដែរ ។   







បើតាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ ញ៉ៅ សាគុន អាយុ៥៨ឆ្នាំ ប្រពន្ធ ឈ្មោះ ចាន់ ឌឿន អាយុ៥១ឆ្នាំ ជាម្ចាស់រមណីយដ្ឋានខាងលើ រស់នៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បានឱ្យដឹងថា ៖ គាត់បានដាំ ដំណាំសាវម៉ាវ និងទុរេន ព្រមទាំងដើមតាង៉ែន ហៅមៀនប៉ៃលិននេះ អស់រយ:ពេល១៣ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ២០០២មកដល់បច្ចុប្បន្ន ដោយដាំដើមសាវម៉ាវជាង១០០ដើម នៅជាប់នឹងមាត់ស្ទឹងបរយ៉ាខា ដើម្បីងាយស្រួលបូមទឹកស្រោច ពេលអត់មានភ្លៀងធ្លាក់ ។ គាត់បន្តថា ការដាំដើមសាវម៉ាវនេះ មានរយ:ពេល៣ ទៅ៤ឆ្នាំប៉ុណ្ណោះ អាចប្រមូលផលលក់ជាបណ្តើរៗ ដោយគាត់បានយកពូជមកពីប្រទេសថៃ មាន ឈ្មោះថា «រុងរៀន» ជាប្រភេទសាវម៉ាវ សម្រាប់ច្រកកំប៉ុង ដែលល្អលេខ១ ហើយមានសាច់ស្រួយ រសជាតិផ្អែមឆ្ងាញ់ ដោយក្នុង១ឆ្នាំ គាត់អាចប្រមូលផលបានតែម្តងប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត មូលហេតុ ដែលគាត់ដាក់ឈ្មោះ រមណីយដ្ឋាន «ម្លប់សាវម៉ាវ» ដោយសារតែមានការដាំដំណាំសាវម៉ាវ ក្នុងកន្លែងលេងកម្សាន្ត ហើយពេលនេះ ផ្លែសាវម៉ាវទុំ គាត់បេះលក់ ១គីឡូក្រាម តម្លៃ៧០០០ ទៅ៨០០០រៀល គឺបេះលក់បានជិត២តោនហើយដែរ ។ គាត់បញ្ជាក់ថា ក្រៅពីនេះ នៅក្នុងរមណីយដ្ឋានរបស់គាត់ ក៏មានដាំទុរេន ប្រភេទម៉ុនថង ជាង១០០ដើម ដែលប្រមូលផលបានចំនួនជាង៣០ដើម លក់ឱ្យភ្ញៀវ និងអ្នកភូមិចូលទៅទិញ ដោយលក់១គីឡូក្រាម តម្លៃ២២០០០ ទៅ២៣០០០រៀល ។ ភាគច្រើន ភ្ញៀវមកលេងកន្លែងរមណីយដ្ឋាននាំគ្នាទិញហូបជាលក្ខណ:គ្រួសារ និងទិញផ្ញើបងប្អូន ក្រុមគ្រួសារនៅឯផ្ទះថែមទៀត ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏មានដាំ ដំណាំតាង៉ែន ហៅមៀនប៉ៃលិន ជិត១០០០ដើម ដែលគាត់អាចប្រមូលផលជារៀងរាល់ឆ្នាំ ហើយបានថវិកា សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ ដូច្នេះ បើសិនជាភ្ញៀវទេសចរណ៍ក្នុងស្រុកចង់ទិញផ្លែឈើ សូមនាំគ្នាទៅលេងរមណីយដ្ឋានរបស់គាត់ ព្រោះការបេះលក់នេះមិនឱ្យលើសពីតម្លៃទីផ្សារ នោះឡើយ ៕