About Me

header ads

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូត្រមន្តចម្រើនព្រះជន្មថ្វាយសម្តេចម៉ែ គម្រប់៨៥ យាងចូល ៨៦ ព្រះវស្សា

ប៉ៃលិន  ៖  

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិននាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ  បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយព្រះពរព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៨៥ យាងចូល ៨៦ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១  ថ្ងៃ ស្អែក នេះ  ។ពិធីចម្រើនមង្គលដ៍ថ្លៃថ្លានេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ  បាន  ស្រីមុំ  អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន  និងឯកឧត្តម សៅ  សារ៉ាត់   អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន  ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមខេត្ត ក្រុង ស្រុក សមាជិកាសាខា យុវជនស្ម័គ្រកាកបាទក្រហម  យុវជន សហភាព សហព័ន្ធ យុវជន កម្ពុជា  និងលោកយាយ លោកតា នៅបរិវេណវត្តរតន:សោភ័ណ្ឌ  ហៅវត្តកោងកាង ក្នុងភូមិ វត្ត សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន  ។ 



លោកជំទាវ   បាន  ស្រីមុំ  តាងនាមថ្នាក់ដឹកនាំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន  លោក លោកស្រី ព្រមទាំងយុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជាខេត្តទាំងអស់ សូមព្រះរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះសព្ទ សាធុការ បវរសួស្ដី សិរីមង្គល វិបុលសុខ ជាមួយនឹងមនោសញ្ចេតនា កត្តញ្ញូកតា វេទិតាធម៌ដ៏ជ្រាលជ្រៅ ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះសុខភាពល្អ មានព្រះជន្មាយុយឺនយូរ បានបន្តគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត ចៅលួត ជាដរាបរៀងទៅ ។ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន   លោកជំទាវចងចាំជានិច្ចនូវព្រះរាជលំអានដ៏ប្រសើរថ្លៃថ្លានៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានបូជាព្រះកាយពល បំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តមយាងដង្ហែរព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចជាប្រវត្តិសាស្ត្រដ៏គួរឱ្យស្ញប់ស្ញែង ដើម្បីឯករាជ្យជាតិ បូរណភាពទឹកដីសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ ក្នុងគ្របវិស័យ ហើយដែលនេះជាព្រះគំរូវីរៈភាពនៃមាគ៌ាដឹកនាំដ៏ត្រចះត្រចង់គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ។ 



ដោយគារវកិច្ចភក្ដីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅនោះ ក្នុងនាមប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការីនៃកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន  សូមលើក ហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គ្រប់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមីព្រះករុណាព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី  សូមជួយបីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរ ជាកូនចៅ ចៅទួត របស់ព្រអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាជារៀងដរាបរៀងទៅ។ក្នុងឱកាសដ៏មហាប្រសើរ គណៈអធិបតី និងសមាជិកកាកបាទក្រហម ក៏បានប្រគេននូវទេយ្យទានដល់ ព្រះគ្រូចៅអធិការវត្ត និងព្រះសង្ឃក្នុងវត្ត  មាន៖ អង្ករ ទឹកក្រូច ទឹកសុទ្ធ មី ទឹកស៊ីអ៊ីវ  ត្រីខ  និងបច្ច័យមួយចំនួន ព្រមទាំងចែកថវិកាលោកតាលោកយាយផងដែរ ៕