About Me

header ads

រដ្ឋបាលខេត្តប៉ៃលិន ត្រៀមបិទខ្ទប់ចំនួន៣ភូមិ នៅជាប់ព្រំដែនកម្ពុជា-ថៃ ខណ:មានអ្នកឆ្លងជំងឺកូវីដ-១៩ ផ្ទុះកើនឡើងខ្លាំង

  ខេត្តប៉ៃលិន ៖ បន្ទាប់ពីសង្កេតឃើញប្រជាពលរដ្ឋនៅក្នុងភូមិចំនួន៣ គឺភូមិផ្សារព្រំ ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានគេរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងជារៀងរាល់ថ្ងៃ ទើបនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តប៉ៃលិន ត្រៀមនឹងធ្វើការ បិទខ្ទប់នៅភូមិសាស្ត្រទាំងបីខាងលើ ។ 



  យោងតាមលិខិតរដ្ឋបាលខេត្តប៉ៃលិន លេខ១០៨/២១ សជណ ចុះថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ឱ្យដឹងថា ៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងតែកើនឡើងនៅក្នុងភូមិសាស្រ្តភូមិទាំងបីខាងលើ រដ្ឋបាលខេត្តប៉ៃលិន នឹងដាក់វិធានការបិទខ្ទប់ភូមិទាំងនោះ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ។ ក្នុងរយ:ពេល នៃការបិទខ្ទប់ភូមិជាបណ្តោះអាសន្ននេះ ប្រជាពលរដ្ឋទាំងអស់ក្នុងភូមិ ត្រូវផ្អាកការធ្វើដំណើរចេញចូល ពីលំនៅឋាន ឬចល័តពីភូមិមួយទៅភូមិមួយទៀត លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ និងត្រូវផ្អាកការជួបជុំ ឬការប្រមូលផ្តុំមនុស្សចាប់ពី១០នាក់ឡើងទៅ ។ 



  អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋជ្រាប និងអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធា ន ការ «៣ការពារ ៣កុំ» របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ។



សូមបញ្ជាក់ថា ៖ អ្នកដែលឆ្លងជំងឺកូវីដ-១៩ មកពីតាមបណ្តាភូមិនានាក្នុងខេត្តប៉ៃលិន និង អ្នករស់នៅក្រៅខេត្តផងដែរ ដែលអ្នកឆ្លងទាំងនោះមកពីភូមិអូរតាពុកក្រោម០១នាក់ ភូមិអូរតាប្រាង០១នាក់ ភូមិសួនអំពៅលិច០៣នាក់ ភូមិតាង៉ែនក្រោមម្នាក់ ភូមិវត្ត០២នាក់ ភូមិអូរស្ងួត០២នាក់ ភូមិប៉ាហ៊ីត្បូ ង០២នាក់  ភូមិផ្សារព្រំជើង០៨នាក់ ភូមិផ្សារព្រំ១៦នាក់ ភូមិអូរឈើក្រំ០៣នាក់ ភូមិអូររអិលម្នាក់ ភូមិអូរក្រូច ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងម្នាក់ និងភូមិគួរស្រូវ សង្កាត់ពោធិ៍សែនជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញម្នាក់  ៕ 





 ដោយ ៖ នីយ៉ា