About Me

header ads

អាជ្ញាធរខេត្ត រៀបចំទីតាំងសម្រាប់អាជីវករលក់ដូរបណ្តោះអាសន្ន បន្ទាប់ពីបិទផ្សារព្រំថ្មី បណ្តោះអាសន្ន ដោយពាក់ព័ន្ធនឹងករណីកូវីដ-១៩

ខេតប៉ៃលិន ៖ 

ក្រោយពីបិទផ្សារព្រំថ្មី (ហៅផ្សារតាប៉ាច) បណ្តោះអាសន្ន ដោយជាប់ពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩ ទើបមកដល់ពេលនេះ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមដំណើរ ដោយ  ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើល អាជីវករ លក់ដូរបន្លែ ត្រី សាច់ នៅទីតាំងផ្សារបណ្តោះអាសន្ន ស្ថិតនៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរៀបចំដោយអាជ្ញាធរខេត្ត ក្នុងអំឡុងពេលផ្សារព្រំថ្មី (ហៅផ្សារតាប៉ាច) ត្រូវបានបិទ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។  



លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីថែរក្សា សុខ  សុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអាជីវករទាំងអស់ ក្នុងអំឡុងពេលនៃការ រីករាល ដាលជំងឺកូវីដ-១៩ នេះ រដ្ឋបាលខេត្ត បានរៀបចំការផ្លាស់ប្តូរទីតាំងផ្សារព្រំថ្មី (ហៅផ្សារតាប៉ា) ជាបណ្តោះ អាសន្ន ទៅធ្វើការលក់ដូរនៅកន្លែងថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងរីករាល ដាលនៃជំងឺកូវីដ-១៩ ជាពិសេសជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទិញម្ហូបអាហារ ក្នុងកាលទេសៈបិទខ្ទប់នេះ។លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយក ចិត្ត ទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ  ដើម្បីជៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត-១៩តែម្តង ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារ ការឆ្លងរីករាលដាល នៃជំងឺនេះ នៅក្នុង សហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី គឺ (៣ការពារ ៣កុំ) ក្នុងនោះបើបងប្អូនមានបញ្ហា សុខភាព ឬករណីសង្ស័យ សូមប្រញាប់ប្រញាល់រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យ ជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។



លោកជំទាវ បាន ស្រីមុំ ក៍បានជំរុញដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែ នាំ បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មនានាក្នុងខេត្ត ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុង សហគមន៍ និងក្នុងប្រទេសជាតិរបស់យើង មិនតែប៉ុណ្ណោះសូមបងប្អូនអាជីវករ កុំឆ្លៀតឱកាសលក់ទំនិញ និងម្ហូបអាហារដំឡើងថ្លៃអោយសោះ ។



សូមបញ្ជាក់ថា៖ ការរៀបចំទីតាំងលក់ដូបន្លែ ត្រី សាច់ បណ្តោះអាសន្តនេះ គឺធ្វើឡើងមានរយៈពេល ចំនួន៧ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ហើយជាមួយគ្នានេះដែរ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ក៍បានប្រគល់ប៊ូត (រោងតង់) ដល់បងប្អូនអាជីវករ ដែលមានជីវភាពក្រក្រីចំនួន២៣នាក់ផងដែរ ។