About Me

header ads

អាជ្ញាធរខេត្តកំពង់ចាម ចូលរួមកិច្ចប្រជុំបន្ទាន់ជាមួយគណៈកម្មការអន្តរក្រសួង ជុំវិញការរកឃើញករណីវីរុសកូវីដ-១៩ បម្លែងថ្មី

កំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ អមដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីក្រោមឱវាទ និងតំណាងស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី០៥ ខែមិថុនាឆ្នាំ ២០២១នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយ តាមរយៈប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការអន្តរក្រសួង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញករណីវីរុសបម្លែងថ្មី ប្រភពពីប្រទេសឥណ្ឌា ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ។





តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានធ្វើការណែនាំភ្លាមៗ ទៅមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាគ្រប់អង្គភាពសុខាភិបាលទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ និងអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍ប្រតិបត្តិស្តង់ដារបច្ចេកទេស ការពារការចម្លងពីបុគ្គលម្នាក់ ទៅម្នាក់ ដោយដាក់អ្នកជំងឺ ឱ្យនៅដោយឡែកពីគ្នា និងបន្តការ ស្រាវជ្រាវដោយហ្មត់ចត់ លើករណីដែលសង្ស័យ ឬពាក់ព័ន្ធទៅនឹងការចម្លងបន្តគ្នាផ្សេងៗទៀត នៅតាមទីតាំងដែលមានការរកឃើញករណ៍វិជ្ជមានវីរុសកូវីដ-១៩ ។ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល សូមអំពាវនាវ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត វិធានការ «៣ការពារ និង ៣កុំ» ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងវិធានការផ្សេងៗទៀត ដែលបានដាក់ចេញដោយក្រសួង សុខាភិបាល ជាពិសេសវិធានការរដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ ក្នុងសហគមន៍ ៕