About Me

header ads

ផ្អាកបណ្តោះអាសន្នទីតាំងអាជីវកម្មផ្ទះសំណាក់ត្បូងកណ្តៀង ខណ:ជាប់ពាក់ព័ន្ធករណីអ្នកជំងឺកូវីដ-១៩ និងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៥នាក់ ហើយព្យាបាលសះស្បើយម្នាក់

ខេត្តប៉ៃលិន ៖ ក្រោយពីមន្រ្តី នៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានពិនិត្យឃើញភ្ញៀវកើតជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តប៉ៃលិន ធ្វើការផ្អាកជាបណ្តោះអាសន្ន ទីតាំងអាជីវកម្ម ផ្ទះសំណាក់ «ត្បូងកណ្តៀង» ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ពេលមានការជូនដំ ណឹងជាថ្មី ។ នៅថ្ងៃដដែល ខាងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក៏បានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយម្នាក់ និងរកឃើញអ្នកវិជ្ជមានជំងឺដ៏កាចសាហាវនេះ ចំនួន០៥ករណីផងដែរ ។ 




ប្រភពព័ត៌មានបានឱ្យដឹងថា ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេចលេខ ០៦៨/២១ សសរ. ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ធ្វើការផ្អាកជាបណ្តោះអាសន្ន ទីតាំងអាជីវកម្ម ផ្ទះសំណាក់ «ត្បូងកណ្តៀង» ក្រោយពីភ្ញៀវដែលស្នាក់នៅ មានវិជ្ជមានជំងឺកូវីដ-១៩ ។ ប្រភពបន្តថា សេចក្តីសម្រេចទាំងឡាយណារបស់រដ្ឋបាលខេត្តប៉ៃលិន ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។ ប្រភពបញ្ជាក់ថា អ្នកជាសះស្បើយជំងឺកូវីដ-១៩ម្នាក់ មានឈ្មោះ ថា វី ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយចូលព្យាបាលកាលពីថ្ងៃទី១៨ ឧសភា ២០២១ ហើយជាសះស្បើយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញ បន្ទាប់ពីលទ្ធផលតេស្តនៅមន្ទីរពិសោធន៍ចំនួនពីរលើក អវិជ្ជមាន តែត្រូវធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត ។ រីឯអ្នកដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០៥ករណី មានដូចខាងក្រោម ៖ ទី១. ឈ្មោះ ព្រំ ស្រីភា ភេទស្រី អាយុ៣៧ឆ្នាំ (ពលករប្រទេសថៃ) ទី២. ឈ្មោះ មិត្ត ធានី ភេទប្រុស អាយុ៣១ឆ្នាំ (ពលករប្រទេសថៃ) ទាំងពីរនាក់រស់នៅភូមិឃ្នាត់ សង្កាត់ឃ្នាត់ ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ ទី៣. ឈ្មោះ អោ លីណា ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិកំពង់ចម្លង ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ទី៤. ឈ្មោះ ង៉ែត រីម ភេទប្រុស អាយុ៣៣ឆ្នាំ បឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិ ទី៥. ឈ្មោះ ឡាច វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ 


ទោះជាយ៉ាងណា ចំពោះទីតាំង និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ខាងលើ រដ្ឋបាលខេត្ត ផ្អាកជាបណ្តោះអាសន្នទីតាំងអាជីវកម្មក្រុមហ៊ុនកាស៊ីណូ និងបានយកអគារក្រុមហ៊ុនធ្វើជាមណ្ឌលចត្តាឡីស័ក ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានចេញវិធានការរដ្ឋបាលបិទខ្ទប់ជាបណ្តោះអាសន្ននូវខ្នងផ្ទះមួយចំនួន ក្នុងភូមិផ្សារព្រំ ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយរដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់សាធារណជន ដែលធ្លាប់មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នជំងឺកូវីដ-១៩ ខាងលើ តាមដានសុខភាពជាប់ជាប្រចាំ ក្នុងករណីសង្ស័យ ត្រូវរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ៕