About Me

header ads

កសិករម្នាក់ចិញ្ចឹមមាន់ស្រែ ដោយប្រើបច្ចេកទេសថ្មី ចំណាយដើមទុនតិច ទទួលបានផលច្រើន

ខេត្តប៉ៃលិន ៖ 

កសិករម្នាក់ បានចាប់យករបរចិញ្ចឹមមាន់ស្រែបន្ថែមទៀត ក្រៅពីធ្វើចំការ នៅលើដីរបស់ខ្លួន ជាប់នឹងផ្លូវជាតិលេខ៥៧ ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយប្រើដើមទុនទិញចំណីអស់តិច បូករួមជាមួយនឹងបច្ចេកទេសផលិតចំណីធម្មជាតិ  ។ តែពេលប្រមូលផលលក់បានថវិកាច្រើន សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ហើយរូបគេ ក៏នឹងពង្រីកទ្រុងបន្ថែ មទៀត ដើម្បីចិញ្ចឹមសត្វមាន់កាន់តែច្រើន អាចចាប់លក់ បានប្រាក់ចំណូលខ្ពស់ឡើង ។ បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ ផាន់ រក្សា អាយុ៣៦ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារព័ត៌មានយើង ដឹងកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ថា ៖ រហូតមកដល់ពេលនេះ លោកចិញ្ចឹមសត្វមាន់ស្រែ ប្រភេទមាន់ស្គួយ សាច់ណែន ជើងលឿង បានរយ:ពេលជិត១ឆ្នាំមកហើយ ដោយចាប់លក់បានរយ:ពេល៣ដងមកហើយដែរ ។ ប្រភពបន្តទៀតថា លោកបានប្រើចំណីជារបៀបធម្មជាតិ ដោយមានពោតក្រហម កិនលាយជាមួយដើមស្មៅ ដែលការលាយផ្សំនេះ មានតម្លៃថោកបំផុត ១គីឡូក្រាម អស់ត្រឹមតែ៤០០ទៅ៥០០រៀល ប៉ុណ្ណោះ រីឯចំណីទិញនៅទីផ្សារ ក្នុង១គីឡូក្រាម ត្រូវចំណាយអស់២០០០ទៅ២៥០០រៀលឯណោះ ។ រហូតមកដល់ពេលនេះ មាន់ជិត១០០០ក្បាល ស៊ីចំណីដែលលាយខ្លួនឯង ក្នុង១ថ្ងៃ អស់ត្រឹមតែប្រហែល៣ដុល្លារបុណ្ណោះ ។ ដូច្នេះ ក្នុង១ខែ រូបគេចំណាយអស់ថវិកាត្រឹមតែជាង១លានរៀល ។ ចាប់តាំបពីចិញ្ចឹមរហូតដល់ចាប់មាន់ស្រែលក់ ចំណាយអស់ថវិកាជាង៣០០ដុល្លារ (ក្នុងរយ:ពេលជាង៣ខែ) លុះនៅពេលប្រមូលផលមកវិញ គឺបានប្រាក់ច្រើន ដោយមាន់១ក្បាលលក់បានតម្លៃចាប់ពី១៥០០០ ទៅ១៨០០០រៀល ឯណោះ ។ 



ប្រភពបញ្ជាក់ថា កាលពីចិញ្ចឹមលើកដំបូង គឺប្រឈមនឹងការងាប់ខូចខាតអស់ជាច្រើន ខណ:មាន់ឈឺដោយជំងឺផ្តាសាយ អត់ចេះរបៀបថែទាំ បណ្តាលឱ្យងាប់តែម្តង ។ តែក្រោយមកក៏សួរនាំមិត្តភក្តិ និងទិញថ្នាំវ៉ាក់សាំងយកមកចាក់ខ្លួនឯង និងចាក់វ៉ាក់សាំងសម្រាប់កូនមាន់ ទើបរហូតមកដល់ពេលនេះ មាន់របស់ខ្លួនមិនសូវមានបញ្ហាប្រឈមនឹងងាប់នោះទេ ។ ពេលនេះ បើសរុបទាំងកូននិងមេគឺជាង១០០០ក្បាល ហើយក៏មិនទាន់ មានខាងមន្ទីរកសិកម្មចុះមកពិនិត្យមើលនោះដែរ គឺប្រើចំណេះដឹងផ្ទាល់ខ្លួនឯង ដោយរៀនតាមហ្វេសប៊ុកជាដើម ។ លោក ក៏សូមឱ្យខាងមន្ទីរកសិកម្មខេត្ត ចុះទៅបង្រៀនពីរបៀបថែទាំ និងបច្ចេកទេសចិញ្ចឹម ព្រមទាំងជួយរកទីផ្សារលក់ដូរផងដែរ ហើយការលក់ដូរបច្ចុប្បន្ន គឺនៅក្នុងផ្សារប៉ៃលិន មិនទាន់មានទីផ្សារទូលំទូលាយនៅឡើយទេ ។ ពាក់ព័ន្ធនឹងបញ្ហានេះលោក ស៊ុយ មន អនុប្រធានការិយាល័យបសុសត្វនៃមន្ទីរកសិកម្មខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកនឹងទាក់ទងឱ្យកសិករខាងលើនេះ ចូលរួមវគ្គបណ្តុះបណ្តាលពីរបៀបថែទាំ សត្វមាន់ចិញ្ចឹមរបស់ខ្លួន ហើយក៏នឹងពន្យល់ណែនាំពីរបៀបប្រើប្រាស់ថ្នាំវ៉ាក់សាំងចាក់ កូនមាន់ ដើម្បីការពារកុំឱ្យមានជំងឺ និងប្រាប់ពីរបៀបប្រើចំណីធម្មជាតិ ដែលដាក់ឱ្យមាន់ស៊ីឆាប់ធំងា យស្រួលក្នុងការលក់ដូរ ។ លើសពីនេះ កសិករ ក៏ត្រូវរៀបចំ ទ្រុងមាន់ឱ្យបានស្អាតល្អ មិនត្រូវដាក់ កន្លែងចង្អៀតពេក ជាពិសេសសត្វមាន់ធំៗ ត្រូវឱ្យស្ថិតនៅក្នុងសីតុណ្ហភាពត្រជាក់ល្មម ដែលផ្ទុយពីកូនមាន់ គឺត្រូវឱ្យនៅកន្លែងមានកំដៅខ្ពស់ជាង ហើយបើកសិករខាងលើមានបញ្ហាគឺប្រញាប់ទាក់ទង ទៅខាងលោកនឹងចុះពិនិត្យតែម្តង ៕