About Me

header ads

ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ ដឹកនាំកិច្ចប្រជុំ លើការផ្អាកបណ្ដោះអាសន្នរោងចក្រ លី ឈាងខប

ខេត្តកំពង់ចាម

កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បានបើកកិច្ចប្រជុំ ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បី អនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកសកម្មភាពផលិតកម្មរបស់រោងចក្រ លី ឈាងខប និងការបិទខ្ទប់ភូមិអកទៀត ស្ថិតនៅឃុំតាំងក្រាំង ស្រុកបាធាយ បន្ទាប់ពីមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ មកនោះ ។ 


នាឱកាសនោះ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរង ខេត្តកំពង់ចាម បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបន្តគ្រប់គ្រងអ្នកប៉ះពាល់នឹងករណីវិជ្ជមានកូវីដ-១៩ ដែលទើបនឹងរកឃើញថ្មីៗ ជាពិសេស អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកបាធាយ និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹង និងគ្រប់គ្រងភូមិសាស្ត្រ ដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ សំដៅធ្វើយ៉ាងណា ទប់ស្កាត់ការចេញ-ចូល របស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បី ទប់ស្កាត់ការចម្លងទៅកាន់សហគមន៍ផ្សេងៗទៀត ។



ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បាននាំយកអំណោយ របស់រដ្ឋបាលខេត្ត ចែកជូន គណៈបញ្ជាការឯកភាពស្រុក ប្រចាំការនៅគោលដៅបិទខ្ទប់ ក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ និងគោលដៅរោងចក្រ លី ឈាងខប នៅភូមិបាធាយ ស្រុកបាធាយ ដោយក្នុងនោះគោលដៅបិទភូមិអកទៀង ទទួលបាន អង្ករ ១០០គីឡូ មី០៥កេស ទឹក ៥កេស អាល់កុល ៣០លីត្រ ម៉ាស ៥០០ និងថវិកា ១លានរៀល ។ ដោយឡែក គោលដៅរោងចក្រ លី ឈាងខប អង្ករ ៥០គីឡូ មី ៣កេស ទឹក  ០៣កេស អាល់កុល ១០លីត្រ និងថវិកា ៥០០.០០០រៀល ។ បន្ទាប់មក ឯកឧត្តមអភិបាលរងខេត្ត និងក្រុមការងារ អមដំណើរ ក៏បានអញ្ជើញចុះពិនិត្យភូមិសាស្រ្តបិទខ្ទប់ នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ និងទីតាំង នៃរោងចក្រកាត់ដេរ សំលៀកបំពាក់ លី ឈាងខប ផងដែរ ៕