About Me

header ads

ប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភខ្លាំង ខណ:សង្កេតឃើញស្លឹកដំឡូងមីរបស់ខ្លួនមានស្លឹកពណ៌លឿង

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុង ឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាក្រៅ ខេត្តប៉ៃលិន បាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំងចំពោះដំណាំដំឡូងមីរបស់ខ្លួន ដែលក្រោយពីដាំបានរយ:ពេលជាង២ខែ ហើយដុះលូតលាស់យ៉ាងល្អ លុះក្រោយមកស្រាប់តែស្លឹកដំឡូងប្រែក្លាយទៅជាពណ៌លឿង មានការលូតលាស់យឺត ។  ទើបឱ្យខាងមន្រ្តី នៃមន្ទីរកសិកម្មខេត្ត ចុះពិនិត្យ និងណែនាំពីរបៀបថែទាំ និងប្រើប្រាស់ជី ដើម្បីព្យាបាលជំងឺដំឡូងមីរបស់ខ្លួនផងដែរ ។ 



  ប្រជាពលរដ្ឋ ឈ្មោះ ណយ ភេទស្រី រស់នៅក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ គាត់បានដាំដំឡូងមីចំនួន៨ហិកតា នៅលើដីចំការរបស់ខ្លួន លុះក្រោយពីដុះលូតលាស់យ៉ាងល្អ ស្រាប់តែមួយរយ:ពេលក្រោយមកស្លឹកដំឡូងមីមួយចំនួន ក្លាយទៅជាពណ៌លឿងខុសធម្មតា ជាហេតុធ្វើឱ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះកាលពីឆ្នាំមុន គាត់សង្កេតឃើញ នៅកន្លែងណា ដែលដំឡូងមី មានពណ៌លឿង គឺអត់សូវលូតលាស់ ហើយទិន្នផ លធ្លាក់ចុះ ទើបក្រោយពេលដាំដំឡូងមីនៅឆ្នាំ២០២១នេះ ឃើញស្លឹកដំឡូងមីប្រែទៅជាពណ៌លឿងបែបនេះ ក៏នាំគ្នាបារម្ភយ៉ាងខ្លាំង ។ 


បើតាមការរៀបរាប់របស់លោក ផាន សុផណ្ណារ៉ា ប្រធានការិយាល័យក្សេត្រសាស្រ្ត នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកកំពុងតែធ្វើការចុះត្រួតពិនិត្យទៅលើដំណាំដំឡូងមីនៅក្នុងភូមិភ្នំស្ពុង និងភូមិមួយចំនួនទៀតក្នុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។ លោកបន្តទៀតថា ដំឡូងមី ដែលប្រជាពលរដ្ឋដាំដុះនៅក្នុងខេត្តប៉ៃលិនមានប្រមាណជាង៤២០០០ហិកតា មានកំណើនជាងឆ្នាំ២០២០ ព្រោះនៅឆ្នាំនេះ ការដាំដុះមានការលូតលាស់ល្អ ហើយដំណាំដំឡូងមីប្រហែល៥%ទៅ១០% កំពុងតែជួបបញ្ហាមានមេរោគ ស្លឹកប្រែក្លាយទៅជាពណ៌លឿង ។  លោកបន្តថា នេះគឺជារោគសញ្ញាមួយ ដែលបង្ហាញថា ចំការដំឡូងមីរបស់ប្រជាពលរដ្ឋកំពុងតែខ្វះសារធាតុចិញ្ចឹម ហើយលោកក៏សូមណែនាំដល់ប្រជាកសិករ បើនៅក្នុងចំការមានដំឡូងមីស្លឹកពណ៌លឿងបែបនេះ គឺខ្វះសារធាតុចិញ្ចឹម និងដោយសារដីមួយចំនួន ខ្សោះជីវជាតិបន្តិចម្តងៗ ។ ដូច្នេះ យើងត្រូវប្រើជីទ្រាប់បាតនៅមុនពេលដាំដុះដំឡូងមី ត្រូវប្រើជីកែងៗ (១៥X១៥X១៥ ) ក្នុងកម្រិត១០០គីឡូក្រាម ក្នុង១ហិកតា ហើយបន្ទាប់ពីដាំដំឡូងមីបានរយ: ពេល១ខែ ទៅ២ខែ យើងត្រូវប្រើជីបំប៉នប្រភេទ (ដេអាប៉េ) ។ ក្រោយពីដាំដំឡូងមីរយ:ពេល៣ខែឡើង យើងត្រូវប្រើជីបំប៉នប្រភេទប៉ូតាស្យូមក្លរ៉ូ ដើម្បីឱ្យដើម ស្លឹក និងមើមលូតលាស់ល្អ ហើយប្រែពីពណ៌លឿងទៅជាខៀវឡើងវិញ បើសិនជាមិនប្រើទេទិន្នផលនឹងមានការធ្លាក់ចុះ ។ លើសពីនេះ ដើម្បីកែដីឱ្យល្អ ត្រូវដាំដំណាំឆ្លាស់ គឺប្តូរទៅដាំពោត ឬសណ្តែកជំនួស ហើយឆ្នាំក្រោយសឹមកសិករដាំដំឡូងមីបន្តទៀត ៕