About Me

header ads

បើកបររថយន្តដឹកខ្សាច់ពេញទ្រុងក្នុងល្បឿនលឿន គេចជង្ហុក បណ្តាលឱ្យក្រឡាប់ផ្ងាជើង សំណាងល្អអ្នកបើកបររងរបួសស្រាល

  ខេត្តប៉ៃលិន ៖ អ្នកបើកបររថយន្តយីឌុបស្ទើរម្នាក់ ព្រលឹងចុងសក់ ខណ:បើកបររថយន្តដឹកខ្សាច់ពេញទ្រុងទម្ងន់ជាង២០តោន ក្នុងល្បឿនលឿន លុះតៃកុងក្រឡេកឃើញជង្ហុកនៅលើដងផ្លូវ ក៏ទាញចង្កូតបួងគេចចេញទៅខាងឆ្វេង ស្រាប់តែជ្រុលទៅដេកបះជើងលើចិញ្ចើមផ្លូវ នៅក្បែរមាត់ប្រឡាយ ធ្វើឱ្យម្ចាស់ព្រលឹងចុងសក់ រងរបួសស្រាល ។ 



  ហេតុការណ៍រថយន្តយីឌុបដឹកខ្សាច់ផ្ងាជើងនៅក្បែរចិញ្ចើមផ្លូវនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រហូតមកដលថ្ងៃទី២០ ខែឧសភានេះ មិនទាន់មានម្ចាស់មកស្ទូចយកទៅ ជួសជុលនៅឡើយទេ ។ 


  ប្រភព័ត៌មានបានឱ្យដឹងថា ៖ រថយន្តដឹកខ្សាច់យីឌុបខាងលើ ម៉ាកហ្វុយសូ ចង្កូតស្តាំ ពាក់ស្លាក លេខ ពោធិ៍សាត់ 4A-0001 ចម្រុះពណ៌ ស លាយខៀវ លឿង ដឹកខ្សាច់ជាង២០តោន រងការខូចខាតស្រាល ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញតៃកុងរថយន្តខាងលើ បើកបរដឹកខ្សាច់ពេញ ទ្រុង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះដល់ត្រង់ចំណុចខាងលើ ស្រាប់តែឃើញជង្ហុកនៅលើដងផ្លូវ២កន្លែងក្បែរគ្នា ក៏បួងចង្កូតទៅខាងឆ្វេងដៃ បណ្តាលឱ្យជ្រុលទៅដេកផ្ងាជើងលើចិញ្ចើមផ្លូវក្បែរផ្ទះប្រជាពលរដ្ឋ ។ រីឯ អ្នកបើកបរព្រលឹងចុងសក់ ដោយក្រោយពីក្រឡាប់រថយន្តដឹកខ្សាច់នេះរួច ក៏បើកទ្វាររថយន្ត ចេញមកក្រៅទាំងមានរបួសជើងស្រាល ។ 




  រហូតមកដល់ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រថយន្តដឹកខ្សាច់ខាងលើ មិនទាន់មានថៅកែ ជាម្ចាស់ ណាម្នាក់ ចេញមកស្ទូចយកទៅជួសជុលនៅឡើយទេ ។ តែអ្នកជិតខាងមានការរិះគន់ទៅលើតៃកុង ដែលបើកបររថយន្តមានទម្ងន់ធ្ងន់ បែបនេះ មិនគួរបើកក្នុងល្បឿនលឿននោះទេ បើសិនជាជ្រុលចង្កូតទៅបុកម៉ូតូ ឬរថយន្ត ដែលធ្វើដំណើរតាមដងផ្លុវជាមួយគ្នា នោះគ្មាននរណាទទួលខុសត្រូវឡើយ ខណ:អ្នកបើកបរស្ទើរតែទាំងអស់ ក្រោយពេលបង្កគ្រោះថ្នាក់រួច តែងតែបើកទ្វាររថយន្តរត់គេចខ្លួន ទុកឱ្យថៅកែជាអ្នកដោះស្រាយ ដែលធ្វើឱ្យក្រុមគ្រួសារ អ្នករងគ្រោះទទួលនូវវិប្បដិសារីអស់មួយជីវិត ៕ 




ដោយ ៖ នីយ៉ា