About Me

header ads

ភ្លៀងលាយខ្យល់កន្ត្រាក់ កាលពីរំលងអធ្រាត្រ រលំដើមឈើសង្កត់រង និងផ្ទះប្រជាពលរដ្ឋ ហើយរលំលើផ្លូវថ្នល់ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សសត្វ

ខេត្តប៉ៃលិន ៖ 

មនុស្សម្នាក់ៗ មានអារម្មណ៍ចំឡែកដោយកាលពីវេលាយប់ជ្រៅបន្តិចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដោយសារអាកាសធាតុស្អុះស្អាប់ខុសពីធម្មតា ទោះបីជាដាក់កង្ហារ ក៏នៅទ្រាំស្ទើរមិនបាន លុះដល់ពេលយប់ជ្រៅរំលងអធ្រាត្រ ស្រាប់តែផ្លេកបន្ទោរ ផ្គរលាន់ បង្កជាភ្លៀងលាយខ្យល់កន្ត្រាក់ បក់បោកមកពីទិសខាងកើត បណ្តាលឱ្យរលំដួលដើមឈើទៅលើផ្លូវថ្នល់ និងរលំសង្កត់លើដំបូ លផ្ទះប្រជាពលរដ្ឋក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ។ តែសំណាងល្អ មិនមាននរណាម្នាក់ ទទួលរងគ្រោះផលប៉ះពាល់ថ្នាក់ដល់អាយុជីវិតនោះទេ ដោយម្នាក់ៗ គ្រាន់តែព្រលឹងចុងសក់ និងស្ទុះរត់ចេញពីក្នុងផ្ទះមកមើលដើមឈើរលំទាំងភ័យតក់ស្លុត ហើយក៏ចូលសម្រាកវិញទៅ ។ ហេតុការណ៍ភ្លៀងលាយខ្យល់កន្រ្តាក់រលំដើមឈើទៅលើផ្លូវថ្នល់ និងសង្កត់ទៅលើផ្ទះប្រជាព លរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង៣០នាទីរំលងអធ្រាត្រ ស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងស្ថិតនៅក្នុងភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 





ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅពេលយប់រំលងអធ្រាត្រ ខណ:ពេលដែលប្រជាពលរដ្ឋកំពុង តែនាំគ្នាដេកសម្រាកលង់លក់នៅតាមផ្ទះរៀងៗ ខ្លួន ស្រាប់តែឮសម្លេងខ្យល់បក់បោកមកពីទិសខាងកើតយ៉ាងខ្លាំង ដែលធ្វើឱ្យគ្រប់គ្នាមានការព្រួយបារម្ភ ក្រែងបាក់ដើមឈើរលំសង្កត់ផ្ទះ ឬប៉ើងដំបូលស័ង្កសីជាដើម ។ តែដោយសារយប់ងងឹតសូន្យសុង គេមិនអាចងើបចេញទៅមើលសកម្មភាពភ្លៀងលាយខ្យល់កន្ត្រាក់បាន ដោយនាំគ្នាសម្ងំនៅក្នុងមុងដេកស្តាប់សម្លេងខ្យល់ប៉ុណ្ណោះ ។ តែមួយសន្ទុះក្រោយមក ស្រាប់តែខ្យល់បក់បោកកាន់តែខ្លាំងឡើងៗ ធ្វើឱ្យមានការរលំដើមឈើទៅលើផ្លូវថ្នល់ រលំដើមដូង ដើមស្វាយទៅលើរបងផ្ទះប្រជាពលរដ្ឋផងដែរ ។ ប្រភពបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ មានដើមស្វាយ១ដើមធំ ក៏បានរលំដួលទៅលើសំយាបដំបូលផ្ទះ បណ្តាលឱ្យខូចខាតផ្នែកខាងមុខ ១គ្រួសារ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ។ ទោះបីជាយ៉ាងណាក៏ដោយ  រហូតមកដល់ព្រឹកថ្ងៃដដែលនេះ គេមិនទាន់ឃើញមានព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងខ្យល់កន្ត្រាក់នេះទេ ពោលគឺមិនមានការប៉ើងដំបូលផ្ទះប្រជាពលរដ្ឋច្រើន ដូចកាលពីពេលថ្មីៗ នៅឡើយទេ ។ ចំណែកអាជ្ញាធរមូលដ្ឋាន កំពុងចុះស្វែងរកផ្ទះប្រជាពលរដ្ឋរងគ្រោះ ដើម្បីងាយ ស្រួលក្នុងការជួយដោះស្រាយជូនពួកគាត់ នៅពេលក្រោយផងដែរ ៕