About Me

header ads

ភ្លៀងមួយមេធំ គ្រប់ដណ្តប់ទូទាំងក្រុងប៉ៃលិន ធ្វើឱ្យប្រជាពលរដ្ឋ មួយចំនួសប្បាយចិត្ត និងអ្នកខ្លះបារម្ភពីការខូចខាតដំណាំបើសិនជាមានការភ្លៀងច្រើនពេក

ខេត្តប៉ៃលិន ៖

ប្រជាពលរដ្ឋ មួយចំនួន ដែលចំការដំណាំនៅត្រង់កន្លែងដីទីទួលមានការសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ខណ:មានភ្លៀង១មេធំ រហូតដល់ជាង១ម៉ោងទើបឈប់ភ្លៀងមេឃស្រឡះវីញ ។ តែអ្នកខ្លះ ក៏មានការព្រួយបារម្ភចំពោះការរលួយខូចដំណាំពោតក្រហម និងដំឡូងមីរបស់ខ្លួន ដោយសារដីទំនាបជាំទឹក បើភ្លៀងជាប់ៗគ្នារាល់ថ្ងៃ បណ្តាលឱ្យខូចខាតអស់ច្រើនជាក់ជាមិនខាន ។ ហេតុការណ៍ភ្លៀង១មេធំនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ម៉ោង ១១ និង៤០នាទីទើបរាំងភ្លៀងទៅវិញ ដែលគ្របដណ្តប់នៅពាសពេញក្រុងប៉ៃលិន និង ស្រុកសាលាក្រៅមួយចំនួនផងដែរ ។ 


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃដដែលនេះ គេសង្កេតឃើញមេឃខ្មៅស្រអាប់ និងមានខ្យល់បក់បោកមកពីទិសខាងលិចយ៉ាងខ្លាំង បណ្តាលឱ្យក្លាយទៅជាផ្គរលាន់ ហើយក៏ធ្លាក់ភ្លៀងយ៉ាងធំតែម្តង ។ ពេលនោះទឹកក៏បានហូរចេញពីផ្លូវថ្នល់ឆ្ពោះទៅតាមប្រឡាយ រួច ហូរចូលចំការមួយចំនួន និងហូរធ្លាក់ពីលើភ្នំឆ្ពោះទៅកាន់ដំណាំប្រជាពលរដ្ឋ ធ្វើឱ្យដំណាំដាំដុះកាន់ តែលូតលាស់យ៉ាងខៀវខ្ចី ។ ហេតុនេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋ ដែលមានដីនៅកន្លែងទីទួលមានការញញឹមញញេមបិទមាត់មិនជិត ខណ:ភ្លៀងញឹកញាប់ ពោលគឺធ្វើឱ្យពោតក្រហម និងដំឡូងមីរបស់ពួកគាត់ ដុះលូតលាស់ល្អ មិនបារម្ភងាប់ដើមនោះទេ ។ តែចំណែកប្រជាពលរដ្ឋមួយចំនួនទៀត ដែលមានដីនៅតំបន់ទំនាប មានការព្រួយ ក្នុងចិត្តយ៉ាងខ្លាំង មិនចង់ឱ្យមានភ្លៀងធ្លាក់ច្រើនពេកនោះទេ ព្រោះអាចបណ្តាលឱ្យជ្រោចទឹក ដំណាំពោតងាប់ និងរលួយមើមដំឡូងមីក្នុងចំការ ដែលទើបនឹងដាំដុះបានរយ:ពេល២ទៅ៣ខែ ។ 



ប្រភពដដែលបន្តទៀតថា ក្រោយពេលភ្លៀងធ្លាក់ គេសង្កេតឃើញផ្លូវ១ខ្សែស្ថិតនៅក្នុងភូមិ សួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានស្ទះប្រព័ន្ធលូ លិចទឹក បណ្តាលឱ្យហូរកាត់ផ្លូវ ហើយក៏មានក្រុមមន្រ្តីនៃមន្ទីរជំនាញខេត្ត នាំគ្នាចុះទឹកប្រមូលសម្រាមដែលស្ទះចេញផងដែរ ។ ចំណែកផ្លូវលំមួយចំនួន ដែលទឹកហូរកាត់ផ្លូវ ក៏បណ្តាលឱ្យដាច់ដីក្រួសក្រហម ខូចខាតអស់ មួយចំនួន ក៏ឃើញមន្រ្តីកំពុងជួសជុល ដើម្បីបង្កការងាយស្រួលដល់ប្រជាពលរដ្ឋបើកបរម៉ូតូ និងរថយន្តដឹកកសិផលចេញចូលទៅមកផងដែរ ។ សូមបញ្ជាក់ថា ៖ រហូតមកដល់ដើមឆ្នាំ២០២១ នេះ មានភ្លៀងធ្លាក់ច្រើនជាងឆ្នាំមុនៗ ជាហេតុធ្វើឱ្យប្រជាកសិករជាច្រើនសប្បាយរីករាយ ក្នុងការបង្កបង្កើនផល ហើយសង្ឃឹមទុកជាមុនថា នៅចុងរដូវនឹងប្រមូលបានផលកាន់តែច្រើន អាចលក់យកថវិកាទៅសងជំពាក់បំណុលគេថែមទៀត ៕