About Me

header ads

ពលរដ្ឋធុញទ្រាន់នឹងបញ្ហាក្លិនសំរាម គេបោះចោលអនាធិបតេយ្យ ប៉ះពាល់ប៉ះពាល់បរិស្ថាន ខូចសោភ័ណភាព ក្រុងប៉ៃលិន

ខេត្តប៉ៃលិន ៖ 

ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវក្រាលកៅស៊ូមួយកន្លែង ស្ថិតនៅក្បែរ ស្ពានថ្ម ក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានធុញទ្រាន់ និងធ្វើការរិះគន់ទៅលើមន្រ្តីជំនាញបរិស្ថានខេត្ត ក៏ដូចជាអាជ្ញាធរក្រុងប៉ៃលិនថា បើចេះតែបណ្តែតបណ្តោយឱ្យប្រ ជាពលរដ្ឋ យកកាកសំណល់ផ្ទះបាយ និង សំរាមស្អុយរលួយយកទៅបោះចោលនៅលើចិញ្ចឹមផ្លូវ បែបនេះ អាចនឹងបង្កក្លិនស្អុយអាសោចលំបាកក្នុងការដកដង្ហើម បាត់បង់សោភ័ណភាពជាដើម ។  ទោះបីជាខាងអនាម័យខេត្ត ធ្លាប់នាំគ្នាទៅប្រមូលឱ្យស្រឡះល្អ តែពេលនេះ បែរជានាំគ្នាយកទៅចាក់ចោលដូចកន្លែងទីលានចាក់សំរាមទៅវិញ ។ 



អ្នកបើកបរម៉ូតូនៅលើដងផ្លូវខាងលើម្នាក់ បានបង្ហើបប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ៖ ពេលអ្នកភូមិក្បែរៗ នេះ ធ្វើដំណើរចេញពីផ្ទះឆ្លងកាត់ផ្លូវខាងលើ ម្នាក់ៗ ខំអត់ដកដង្ហើមស្ទើរដាច់ខ្យល់ស្លាប់ ព្រោះតែស្អុយក្លិនសំរាម កាកសំណល់ផ្ទះបាយ ស្រកាត្រី ក្បាលត្រី ឆ្អឹកគោ សំបកពងមាន់ ពងទា សំបកបន្លែផ្សេងៗ ដែលគេយកទៅបោះចោលនៅលើចិញ្ចើមផ្លូវក្លាយទៅជាដង្កូវតូចធំវាររវីមរវាម ហើយក៏មានសត្វឆ្កែនាំគ្នាចូលទៅហែកថង់ស៊ីអូសរាយពេញផ្លូវដែរ ។ ប្រភពបន្តទៀតថា ការបោះចោលសំរាមអនាធិបតេយ្យបែបនេះ បង្កផលប៉ះពាល់ដល់ផ្លូវដង្ហើមខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅក្បែរសំរាម ហើយពេលស្អុយរលួយហូរតាមទឹកអូរធ្លាក់ទៅក្រោម លុះប្រជាពលរដ្ឋបូមយកមកប្រើប្រាស់ បង្កជាមេរោគ ក្លាយជាជំងឺរោគា ។ លើសពីនេះ ពេលភ្ញៀវទេសចរណ៍ធ្វើដំណើរតាមដងផ្លូវខាងលើ គេធ្វើការរិះគន់ទៅលើអាជ្ញាធរក្រុងប៉ៃលិន ដែលចេះតែបណ្តែតបបណ្តោយឱ្យជនខិលខូចយកសំរាមទៅបោះចោលយ៉ាងអនាធិបតេយ្យ ដោយមិនមានការហាមឃាត់ ។ 





ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ ខាងលោកធ្លាប់ឱ្យកម្លាំងចុះទៅពិនិត្យ និងឃ្លាំមើលជនខិលខូច ដែលយកទៅបោះសំរាមចោលខាងលើ ដើម្បីយកមកណែនាំ ព្រមទាំងផាកពិន័យទៅលើប្រជាពលរដ្ឋណា ដែលមិនព្រមរាងចាលផងដែរ ។ ចំណែកលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងដែរថា ខាងលោកក៏បានបញ្ជូនឱ្យមន្រ្តីក្រោមឱវាទចុះទៅត្រួតពិនិត្យមើលកន្លែងខាងលើ ព្រមទាំងជួយប្រមូលសំរាមយកទៅ បោះចោលនៅទីលានចាក់សំរាមម្តងរួចមកហើយ ។ ប្រភពបន្តទៀតថា ខាងលោកក៏បានឱ្យក្រុមការងារចុះតាមដានសកម្មភាពបោះចោលសំរាមអនាធិបតេយ្យខាងលើនេះដែរ បើសិនជាឃើញប្រជាពលរដ្ឋទាំងនោះ នឹងធ្វើការណែនាំម្តងទៅពីរដង បើមិនព្រមស្តាប់លោកនឹងហៅមកធ្វើកិច្ចសន្យារាងចាលនៅមន្ទីរ ដោយផាកពិន័យផងដែរ ។ លើសពីនេះ លោកក៏នឹងឱ្យខាងក្រុមការងារយកស្លាកទៅដាក់ ត្រង់កន្លែងចាក់សំរាមនេះ ដើម្បីឱ្យប្រជាពលរដ្ឋមានការខ្លាចញញើត និងអនុវត្តតាមការណែនាំ ដើម្បីកុំឱ្យខូចសោភ័ណភាពក្រុងប៉ៃលិន ប៉ះពាល់ដល់បរិស្ថាន បង្កជាក្លិនស្អុយ នាំឱ្យកើតជំងឺដល់អ្នករស់នៅក្បែរនោះ ក៏ដូចជាអ្នកធ្វើដំណើរទៅមកកាត់ត្រង់កន្លែងសំរាមនោះដែរ ៕ ដោយ ៖ នីយ៉ា