រដ្ឋបាលខេត្តប៉ៃលិន សម្រេចបិទការចេញចូល និងធ្វើអាជីវកម្មបណ្តោះអាសន្នសាខាក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ទាំង៣សាខា

ខេត្តប៉ៃលិន ៖ 

ក្រោយពីមន្រ្តីសុខាភិបាល ឈរជើងនៅចំណុចភ្នំកុយ ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើការត្រួតពិនិត្យសុខភាពទៅលើអ្នកបើកបររថយន្តឱ្យក្រុមហ៊ុនវីរ:ប៊ុនថាំ កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីរកមេរោគកូវីដ-១៩ ដោយប្រើប្រា ស់ឧបករណ៍តេស្តរហ័ស ស្រាប់តែឃើញលទ្ធផលវិជ្ជមាន ទើបនៅថ្ងៃដដែល រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេចបិទការចេញចូល និងការធ្វើអាជីវកម្មបណ្តោះអាសន្ន សាខាក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំទាំង៣សាខា ក្នុងខេត្តប៉ៃលិន ។


បើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិន លេខ០៥១/២១ សសរ. ចុះថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងទី០២ ខែឧសភា ឆ្នាំ២០២១ ត្រូវបានផ្អាកការ ចេញចូល ការធ្វើអាជីវកម្ម និងទីតាំងសាខាក្រុមហ៊ុនដឹកញ្ជូនវីរ:ប៊ុនថាំទាំង៣សាខា ក្នុងខេត្តប៉ៃលិន ជា បណ្តោះអាសន្នដូចខាងក្រោម ៖ សាខាទី១. ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សាខាទី២. ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  និង សាខាទី៣. ស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានសេចក្តីសម្រេចជាថ្មី បន្ទាប់ពីរដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លើអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនវីរ:ប៊ុនថាំ (តេស្តរហ័ស) នៅព្រំប្រទល់ខេត្តប៉ៃលិន-បាត់ដំបង (គោលដៅភ្នំកុយ) ។ ប្រភពបន្តទៀតថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិន ក្រុមហ៊ុនត្រូវសហការ និងអនុវត្តតាមវិធានការ ណែនាំរបស់រដ្ឋបាលខេត្តជាការចាំបាច់ ។ 







សូមបញ្ជាក់ថា ៖ បុរសម្នាក់ ឈ្មោះ ហោ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកបើករថយន្ត ក្រុមហ៊ុនវីរ:ប៊ុនថាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានចេញដំណើរពីក្រុងប៉ោយប៉ែត ទៅឈប់នៅសាខាវីរ:ប៊ុនថាំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីទម្លាក់ឥវ៉ាន់ ។ មុនពេលទម្លាក់ឥវ៉ាន់ គេបានបាញ់ថ្នាំសម្លាប់មេរោគក្នុងរថយន្ត និងទំនិញ រួចយកទំនិញចូលក្នុងក្រុមហ៊ុន ។ ក្រោយពីបន្តដំណើរ ក៏បានឈប់នៅសាខាស្រុកសំពៅលូន ខេត្តបាត់ដំបង រួចទម្លា ក់ឥវ៉ាន់នៅទីនោះ ដោយមានការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជាហូរហែ . ក្រោយមក ក៏បានទម្លាក់ឥវ៉ាន់នៅសាខាកាប៊ីន ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងទម្លាក់ឥវ៉ាន់នៅសាខាឡែម ស្រុកកំរៀង ខេត្តបា ត់ដំបង ។ ជាចុងក្រោយ ក៏ធ្វើដំណើរមកដល់ចំណុចត្រួតពិនិត្យគោលដៅកុយ ក្នុងភូមិភ្នំកុយ ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្រាប់តែមន្រ្តីសុខាភិបាល បានប្រើប្រាស់ឧបករណ៍តេស្តរហ័ស ទៅលើអ្នកបើកបររថយន្តខាងលើ ក៏ចេញលទ្ធផលវិជ្ជមាន បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ៕