About Me

header ads

បងប្អូនជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី បានអនុវត្តតំណមភូមិ ឬបិទភូមិ ដោយមិនឱ្យអ្នកក្រៅចូលដើម្បីទប់ស្កាត់ នូវជំងឺកូវីដ-១៩

ខេត្តរតនគិរី៖

បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី មានទំនៀមទម្លាប់តាំងពីយូរលុងណាស់មកហើយ ដោយមានការតំណមភូមិ ឬបិទភូមិមិនឱ្យអ្នកក្រៅចូល ដោយមានធ្វើពិធីសែនព្រេនដើម្បីសុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី បណ្ដេញឧបទ្រពចង្រៃ ធ្វើពិធីសែនអារក្ស ឱ្យជៀសផុតពីជំងឺរាតត្បាតនានា ក្នុងរយៈពេលវែងឬឆាប់ តាមទំនៀមទម្លាប់របស់ជនជាតិនីមួយៗ ។ក្នុងបរិបទនៃដំណាក់កាលកូវីដ-១៩ កម្លាំងបងប្អូនសហគមន៍ជនជាតិដើមភាគតិច ក្នុងស្រុកអូរជុំ និងស្រុកបរកែវ ទាំងប្រុសស្រី ក្មេងចាស់ បានអនុវត្តតំណមភូមិ ឬបិទភូមិ ដោយមិនឱ្យអ្នកក្រៅចូល មានការយាមកាមយប់ថ្ងៃ មានសរសេរបម្រាម មានខ្សែ និងឈើបាំង ជារនាំងច្រកចេញចូលភូមិ ដោយស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានសុខាភិបាលនាពេលបច្ចុប្បន្ននេះផងដែរ ។






លោក ហេង ប៊ុននី អភិបាលស្រុកបរកែវថា ស្ទើរតែគ្រប់ភូមិទាំងអស់នៅស្រុកបរកែវ បានអនុវត្តតំណមភូមិ ឬបិទភូមិនេះតាមប្រពៃណីបងប្អូនជនជាតិដើមភាគតិច ដើម្បីការពារសហគមន៍របស់ពួកគាត់ ក្នុងគោលបំណងចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ដ៏កាចសាហាវ ជាមួយរាជរដ្ឋាភិបាល និងវិធានសុខាភិបាល ប្រសិនបើមានអ្នកល្មើសចូល នឹងទទួលការពិន័យតាមបែបប្រពៃណីរបស់ពួកគាត់។លោក ខៀង យុទ្ធារ៉ា អភិបាលរងស្រុកអូរជុំ ថាស្រដៀងគ្នាដែរ ក្នុងករណីមានអ្នកល្មើសចូលដោយចេតនា ក្នុងការហាមឃាត់នោះ នឹងទទួលរងការពិន័យពីគណៈកម្មការចាស់ទុំ តាមប្រពៃណីរបស់ពួកគាត់សម្រេច មានស្រាល ធ្ងន់ ដែលពិន័យទាំងនោះមានដូចជា មាន់ ស្រា, ជ្រូកនិងថវិកាជាដើម។ ទោសស្រាលមានដូចជាការលួចចេញចូល រីឯទោសធ្ងន់មានដូចជា ការចេញចូលល្មើសបម្រាម រួចបង្ហាញអាក្បបកិរិយា  និងកាយវិការ ពាក្យសំដីប្រមាថមើលងាយធ្ងន់ធ្ងរទៅដល់សហគមន៍ ឬគណៈកម្មការ។ ការផាកពិន័យនោះដើម្បីយកជូនចាស់ទុំក្នុងភូមិ តម្រូវការធ្វើកម្មវិធី សែនព្រេនទាំងនោះវិញ៕