About Me

header ads

អាជ្ញាធរខេត្តក្រចេះរឹតបន្តឹងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយដាក់ពង្រាយប៉ុស្ដិ៍ត្រួតពិនិត្យ៦គោលដៅទូទាំងខេត្ត

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិខ្មែរ ខាងមុខនេះ រដ្ឋបាលខេត្តក្រចេះបានដាក់ពង្រាយប៉ុស្ដិ៍ត្រួតពិនិត្យ៦គោលដៅទូទាំងខេត្ត ដើម្បីទប់ស្កាត់លំហូរប្រជាពលរដ្ឋមកពីតំបន់នានា ។


នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានចុះត្រួតពិនិត្យគោលដៅឈរជើងសំខាន់ៗ របស់សមត្ថកិច្ចចម្រុះចំនួន ២កន្លែង នៅក្នុងស្រុកស្នួល គឺព្រំប្រទល់ស្រុកមេម៉ុត ខេត្តត្បូងឃ្មុំ និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងការហាមឃាត់ការ ធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។


ការចុះត្រួតពិនិត្យគោលដៅឈរជើងរបស់ សមត្ថកិច្ចចម្រុះនៅពេលនេះ ធ្វើឡើងក្នុង គោលបំណងចុះសួរសុខទុក្ខ និងនាំយកអំណោយ មួយចំនួនចែកជូនកងកម្លាំងប្រចាំការ នៅគោលដៅ ព្រមទាំងជំរុញឲ្យសមត្ថកិច្ចរឹតបណ្តឹងការ អនុវត្តសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល កម្ពុជា និងសេចក្តីណែនាំលេខ ០០៤សណន ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាល ខេត្តក្រចេះ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំង ប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធភាព ខ្ពស់ ។ 


ឯកឧត្តម គង់ គឹមនី មានប្រសាសន៍ថា សម្រាប់ខេត្តក្រចេះនូវគ្រប់គោលដៅទាំងអស់ ដោយមានការណែនាំពីឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯការភាពខេត្ត គឺត្រូវបិទផ្លូវព្រំប្រទល់រវៀងខេត្តនិងខេត្តមួយចំនូនជាបណ្តោះអាសន្ន ។ ការហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសគោលបំណងរបស់រាជរដ្ឋាភិបាល គឺគិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូន គ្រួសារ និង សង្គមជាតិ ។  ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល  ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ។ ហើយចំពោះអ្នកចំណូលស្រុក ត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅតាមផ្ទះ ឬ នៅមណ្ឌលចត្តាឡីស័ក អោយបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ (៣ការពារ ៣កុំ) របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ផងដែរ។


ក្នុងឱកាសចុះត្រួតពិនិត្យគោលដៅទាំង២ខាងលើ ឯកឧត្តមអភិបាលរងខេត្ត ក៏បាននាំយកសម្ភារៈមួយចំនួន របស់រដ្ឋបាលខេត្តឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅគោលដៅទាំង២ខាងលើ រួមមាន ÷ អង្ករ  អាល់កុល ម៉ាស់ ថវិការចំនួន ១លានរៀលក្នុង១គោលដៅ ។ ដោយឡែក ឯកឧត្តម គង់ គឹមនី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមដល់គោលដៅទាំង ២ ចំនួន២ លានរៀល ។

សូមបញ្ជាក់ថា ខេត្តក្រចេះមានរៀបចំកងកម្លាំងចម្រុះដែលកំពុងឈរជើងនៅគោលដៅដែលមានព្រុំប្រទល់ខេត្ត មានចំនួន ៦គោលដៅក្នុងស្រុក ៤ ដែលត្រូវបានបែងចែកអភិបាលរងខេត្តចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច និង សួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅទទួលបានដូចៗគ្នា ៕