About Me

header ads

ក្រុមយុវជនស.ស.យ.ក ខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអប់រំពលរដ្ឋនៅផ្សារព្រំដែន អន្តរជាតិកម្ពុជា-ថៃ ឱ្យពាក់ម៉ាស រក្សាគម្លាត ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ លិន និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន បានចាត់ឱ្យលោក សាក់ សាវរិទ្ធ អនុប្រធាន ស.ស.យ.ក ខេត្ត ដឹកនាំក្រុមការងារ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ចុះអប់រំណែនាំប្រជាពលរដ្ឋ ដែលរស់នៅក្បែរច្រកទ្វារអន្តរជាតិព្រំ និងក្នុងផ្សារព្រំ ឱ្យនាំគ្នាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ជំងឺមួយនេះ កំពុងវាយលុកខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា និងរាជធានីភ្នំពេញជាដើម ។ 


នៅក្នុងការដឹកនាំក្រុមការងារចុះណែនាំប្រជាពលរដ្ឋ ដែលរស់នៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃនេះ លោក សាក់ សាវរិទ្ធ អនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ចាប់តាំងពីមានករណីផ្ទុះឡើង នៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ដោយបន្តរីករាលដាលចូលខេត្តនានាជាច្រើននៅឆ្នាំ២០២១នេះ ទើបខាងលោកបាន ដឹកនាំក្រុមការងារ ចុះណែធ្វើការនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អស់រយ:ពេលជិត១ខែមកហើយ ដើម្បីណែនាំអប់រំឱ្យពួកគាត់ពាក់ម៉ាស ទាំងក្មេងចាស់ ប្រុសស្រី ពេលធ្វើដំណើរនៅលើដងផ្លូវ ឬចូលក្នុងផ្សារ ដើម្បីទិញម្ហូបអាហារ និងណែនាំឱ្យរក្សាគម្លាតសុវត្ថិភាពគឺនៅឃ្លាតពីគ្នាយ៉ាងតិច១.៥ ទៅ២ម៉ែត្រ ត្រូវឧស្សាហ៍លាងដៃនឹងទឹកអាល់កុល ឬជែល ព្រមទាំងអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ។ លោកបញ្ជាក់ថា នៅពេលស្រ្តីមេផ្ទះណាម្នាក់ ធ្វើដំណើរទៅផ្សារ ដើម្បីទិញម្ហូបអាហារ បើមិនចាំបាច់ កុំឱ្យយកកូនតូចៗ ទៅជាមួយឡើយ ព្រោះអាចងាយនឹងឆ្លងជំងឺផ្សេងៗជាពិសេសជំងឺកូវីដ១៩នេះជាដើម ។




លោកក៏នៅតែបន្តទទូចដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស បើសិនជាមានបងប្អូនសាច់ញាតិណាម្នាក់ លបលួចចូលមកពីតំបន់ប្រឈមនឹងជំងឺកូវីដ១៩ នៃខេត្តណាមួយក្នុងប្រទេស មកលេង ឬស្នាក់នៅបណ្តោះអាសន្ន ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ដើម្បីរៀបចំធ្វើចត្តាឡីស័ក ការ ពារកុំឱ្យមានការឆ្លងជំងឺមួយនេះ ចូលទៅក្នុងសហគមន៍ ។ សូមបញ្ជាក់ថា ៖ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មីចំនួន៦៩៨នាក់ទៀត និង ជាសះស្បើយចំនួន៩៩៤នាក់ ករណីឆ្លងសហគមន៍៦៩៧នាក់ អ្នកដំណើរពីបរទេស០១នាក់ ។ ភ្នំពេញ៥៥៨នាក់ កណ្តាល៧២នាក់ បន្ទាយមានជ័យ៤៣នាក់ ព្រះសីហនុ១៦នាក់ តាកែវ០៣នាក់ កំពង់ស្ពឺ០៣នាក់ ពោធិ៍សាត់០២នាក់ ។ អ្នកឆ្លងសរុបចំនួន១១៧៦១នាក់ អ្នកជាសះស្បើយសរុប ៤៦៩៨នាក់ អ្នកកំពុងព្យាបាលចំនួន៦៩៦៨នាក់ និងអ្នកស្លាប់សរុបចំនួន៨៨នាក់ ៕