About Me

header ads

រដ្ឋបាលខេត្តប៉ៃលិនបន្តចេញសេចក្តីសម្រេច ហាមឃាត់ការធ្វើដំណើរ

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ បើយោងតាមលិខិតរបស់រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច ធ្វើការហាមឃាត់ ការធ្វើដំណើរ និង បិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងខេត្តប៉ៃលិនជាបណ្តោះអាសន្នរយ:ពេលខ្លីបន្តទៀត ហើយសមត្ថកិច្ចធ្វើការរឹតបន្តឹងតាមព្រំប្រទល់ខេត្តប៉ៃលិន បាត់ដំបង ដោយបានចុះនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ បើតាមលោកឧត្តមសេនីយ៍ត្រី ផាន់ ចាន់ណារ៉ា ស្នងការរងទទួលជំនួយការដឹកនាំការិយា ល័យអន្តរាគមន៍ និង តម្រួតបទបញ្ជានៃស្នងការដ្ឋានខេត្តប៉ៃលិន ដែលបានចុះបញ្ជាផ្ទាល់ បានឲ្យដឹងថា ៖ ដោយមានបទបញ្ជាពី ឯកឧត្តមឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ហើយយោងលើសេចក្តីសម្រេច និងបទបញ្ជារពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានដាក់ផែនការដូចខាងក្រោម ៖

ទី១. ចំពោះអាជីវករនៅខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ចេញចូលព្រឹកល្ងាច ដើម្បីទិញកសិផល ឬទៅលក់កសិផល តម្រូវឱ្យពួកគាត់ធ្វើលិខិតបញ្ជាក់ពីលំនៅសាម៉ីរបស់ខ្លួនពីក្រុងស្រុក និងខេត្ត ដើម្បីសម្របសម្រួលការចេញចូលព្រឹកល្ងាច របស់ខ្លួន ។

លោកបន្តទៀតថា ចំណែកបងប្អូនធ្វើស្រែចំការក្នុងខេត្តប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ត្រូវធ្វើលិខិតបញ្ជាក់ពីភូមិ ឃុំ ស្រុក ខេត្ត របស់ខ្លួន ដើម្បីបញ្ជាក់ឱ្យច្បាស់ថា គាត់ពិតជាប្រជាពលរដ្ឋរស់នៅទីនោះពិតប្រាកដមែន ហើយក្រុមការងារនឹងអនុញ្ញាតិឱ្យគាត់ចេញចូលបានតែបើមិនមានលិខិតដូចខាងលើទេ ក្រុមការងារមិនអាចឱ្យគាត់ចេញចូលបានឡើយ ។

ទី២. ចំពោះមន្រ្តីរាជការ បុគ្គលិកឥណទានធនាគារ ឬមីក្រូហិរញ្ញវត្ថុផ្សេងៗ បើវិលត្រឡប់មកពីភូមិ ឃុំ ស្រុក របស់ខ្លួនហើយ ត្រូវអះអាងថា គាត់ជាប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ឬបន្ទាយមានជ័យ ដោយត្រូវតែមានលិខិតបញ្ជាក់ពីទីកន្លែង ដែលបានចេញចូលរស់នៅទីនោះ គឺត្រូវតែជាថ្ងៃខែនៅជិតកៀកថ្ងៃខែ ដែលគាត់មកដល់ខេត្តប៉ៃលិន ។ ប្រសិនបើមានលិខិតបញ្ជាក់សុខភាពរឹតតែល្អ ដោយគាត់ត្រូវតែមកធ្វើការនៅឥណទាន ឬធនាគារណានៅខេត្តប៉ៃលិនឲ្យបានច្បាស់លាស់ ថតឯកសារអាស័យដ្ឋានរបស់ខ្លួន បញ្ជាក់លិខិតសុខភាពបើមានអត្តសញ្ញាណរូបថត ទើបអនុញ្ញាតអោយចូលមកខេត្តប៉ៃលិនបាន ។




លើសពីនេះ រដ្ឋបាលខេត្ត ក៏បានដាក់កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ឱ្យឈរជើងយាមកាមប្រចាំការនៅតាមគោលដៅនីមួយៗ នៃព្រំប្រទល់ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ចំនួន៦គោលដៅ ដើម្បីសួរនាំរកលិខិតស្នាម បញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និងធ្វើការណែនាំប្រជាពលរដ្ឋទាំងអស់ ឱ្យស្តាប់តាមសេចក្តីសម្រេចខាងលើ គឺត្រូវស្នាក់នៅក្នុងខេត្តរៀងៗ ខ្លួនរយ:ពេលខ្លីទៀតសិន ៕ ដោយ ៖ នីយ៉ា