About Me

header ads

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៤០គ្រួសារ

កំពង់ចាម៖ 

នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងមន្ត្រីក្រុមប្រតិបត្តិ  អនុសាខាស្រុក ព្រមទាំង ក្រុមការងារកាកបាទក្រហមកម្ពុជា ក្នុងមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤០គ្រួសារ នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះ មហន្តរាយធម្មជាតិ ដែលបង្កឲ្យមានការខូចខាត លំនៅដ្ឋានរបស់បងប្អូនបែបនេះ ។ 

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក " ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការពារពីការឆ្លង នៃជំងឺកូវីដ ១៩ ដោយត្រូវអនុវត្តវិធានការ " ៣ការពារ ៣កុំ និង ២ចូលរួម " ពិសេស ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមសារណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កុំឲ្យជម្ងឺកូវីដ ១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវនេះ ឆ្លងចូលលក្នុងគ្រួសារ និងសហគមន៍យើង ។សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៤០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន  ៖ អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១) អាវយឺត ២  ។ ដោយឡែក ចំពោះ ប្រជាពលរដ្ឋដែលខូចខាតធ្ងន់ ចំនួន ០៤គ្រួសារ ទទួលបានថវិកា ៣០០.០០០ រៀល ។ រីឯ ប្រជាពលរដ្ឋដែលខូចខាតមធ្យម ចំនួន ០៣គ្រួសារ ទទួលបាន ថវិកា ២០០.០០០រៀល ហើយអ្នកខូចខាតស្រាល ចំនួន ២៩គ្រួសារ ទទួលបាន ថវិកា ១០០.០០០រៀល ។




គួររំលឹកថា កាលពីម៉ោង ៣ និង ៤៥នាទី រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ទ្រាក់ បណ្តាលឲ្យរបើកដំបូលក្បឿង និងដំបូលសង្កសី ផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ៤០ខ្នង ។ ទោះយ៉ាងណា គ្រោះធម្មជាតិនេះ មិនបណ្តោយឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស និងសត្វឡើយ ៕