គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ

ប៉ៃលិន 

បានឲ្យដឹងថា កាលពីវេលាម៉ោង ០៨ និង១០នាទីថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ដោយមួយករណី បានកើតឡើងនៅចំណុចមុខតូបលក់ចាប់ហួយ២៤ម៉ោង ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយរងរបួសធ្ងន់ម្នាក់ ខូចខាតម៉ូតូ០១គ្រឿង និងខូចខាតឡានស្រាល០១គ្រឿង ។ប្រភពបន្តថា ទី១- អ្នកបើកបរម៉ូតូឈ្មោះ សយ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិអូរតាប្រាង  សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយបើកបរម៉ូតូម៉ាក Honda  Dream  ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន 1B-1241 (រងរបួសធ្ងន់) ។២- អ្នកបើកបររថយន្តឈ្មោះ ហេង វ៉ាន់លីណា ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយបើកបររថយន្តម៉ាក Highlader  ពណ៍ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-0601 (គ្មានរបួស) ។មូលហេតុ ភាគីម៉ូតូបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកភាគីរថយន្តដែលកំពុងឈប់នៅមុខតូបលក់ចាប់ហួយកំពុងទិញទឹកសុទ្ធ ។





ប្រភពព័ត៌មានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងបើកបរក្នុងទិសដៅពីជើងទៅត្បូង ក៏ឈប់ទិញទឹកសុទ្ធ ខណ:នោះស្រាប់តែមានម៉ូតូបុរសម្នាក់បានបើកបរ ក្នុងល្បឿនលឿនស្របទិសគ្នា ខ្វះការប្រុងប្រយ័ន្ត  មិនមើលឆ្វេង ស្ដាំ ក៍រេចង្កូតទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូជាប់នៅនឹងគូទរថយន្តនៅនិងកន្លែង ។ ក្រោយកើតហេតុ អ្នកបើកម៉ូតូត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកទៅព្យាបាល ។ សមត្តកិច្ចជំនាញចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានយករថយន្តនិងម៉ូតូ ជាវត្ថុតាងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ចំណែកជនរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែម្ដង។