About Me

header ads

អភិបាលខេត្តរតនគិរី ជម្រុញកងកម្លាំងឈរជើងត្រួតពិនិត្យលើដងផ្លូវជាតិ៧៦ ត្រូវរឹតបន្តឹងការធ្វើចរាចរណ៍ចេញចូលឱ្យបានហ្មត់ចត់លើការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ខេត្តរតនគិរី៖ នារសៀលថ្ងៃទី១០ ខែមីនាឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីនិងលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រធានមន្ទីរពាក់ព័ន្ធបានចុះត្រួតពិនិត្យកងកម្លាំងឈរជើងលើដងផ្លូវជាតិ៧៦ ក្នុងការរឹតបន្តឹងការធ្វើចរាចរណ៍ចេញចូល ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រង់ភូមិសាស្រ្តស្រុកលំផាត់។


ឯកឧត្តមអភិបាលខេត្តបានជម្រុញត្រូវរឹតបន្តឹងការធ្វើចរាចរណ៍ចេញចូល ២៤ម៉ោងលើ២៤ម៉ោង និងមិនអនុញ្ញាត ឲ្យមានរថយន្តដឹកអ្នកដំណើរណាមួយ ឆ្លងកាត់ចូលទឹកដីខេត្តរតនគិរីមិនបានត្រួតពិនិត្យត្រឹមត្រូវតាមវិធានការសុខាភិបាលនោះឡើយ។


ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានឈរជើងការពារនៅគោលដៅរបស់ខ្លួន ប្រកបដោយភាពអំណត់ និងមានការទទួលខុសត្រូវខ្ពស់ធានាកិច្ចការពារសុខសុវត្ថិភាពជូនជាតិមាតុភូមិ និងប្រជាជនពីជំងឺដ៏កាចសាហាវនេះ។



និងបានក្រើនរំលឹកដល់កងកម្លាំងឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ៕



(ផងវិន)