About Me

header ads

ក្រុមអង្គភាពបោសសម្អាតមីននៅខេត្តប៉ៃលិនគ្រោងនឹងបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តប៉ៃលិន ឱ្យអស់នៅឆ្នាំ២០២៥

ខេត្តប៉ៃលិន៖ លោក ជំទាវបានស្រីមុំ  ភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយបណ្តាអង្គភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកំពុងធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដូចជា ក្រុមការងារផែនការសកម្មភាពមីន ម៉ាពូ (MAPU) កងឯកភាពកំចាត់មីនទី៣ ស៊ីម៉ាក់ (CMAC) និងអង្គការហាឡូត្រាស្ត (HALO Trust)  ដើម្បីអនុម័តដីចម្ការមីន សំរាប់បញ្ចូលក្នុងផែនការបោសសម្អាតមីនឆ្នាំ២០២១ នៅខេត្តប៉ៃលិន និងអនុវត្តថវិកា។



លោកជំទាវអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តប៉ៃលិន បានលើកឡើងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ បណ្តាអង្គភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បានធ្វើការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ រំដោះដីកសិកម្មជូនប្រជាពលរដ្ឋ និងរំដោះដីសំរាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងបានកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើន ហើយទទួលបានការកោតសរសើពីថ្នាក់ជាតិ និងបានយកខេត្តប៉ៃលិនជាគំរូ បង្ហាញដល់ខេត្តផ្សេងៗ ទៀតផង។



លោកជំទាវបន្តថា «នៅក្នុងឆ្នាំ២០២១នេះ យើងត្រូវខិតខំជំរុញការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះបន្ថែមទៀត ធ្វើយ៉ាងណាប្រឹងប្រែង ឱ្យអស់ពីលទ្ធភាព ដើម្បីសំរេចឱ្យបានតាមផែនការកំណត់ ដូច្នេះយើងត្រូវជំរុញសកម្ម ភាពចុះពិនិត្យជាក់ស្តែងដល់ចម្ការមីន ដើម្បីឱ្យបានដឹងពីការលំបាក និងភាពងាយស្រួលរបស់ប្រតិបត្តិករក្នុងការដោះមីននៅតំបន់នោះ ហើយត្រូវមានយន្តការ ផ្សព្វផ្សាយឱ្យបានខ្លាំងក្លាថែមទៀតដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។



នៅក្នុងឱកាសនោះផងដែរ លោកជំទាវបាន ស្រីមុំ បានថ្លែងអំណរគុណ និងកោតសរសើដល់អង្គភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលកំពុងធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិនទាំងអស់ និងសំណូមពរដល់ម្ចាស់ជំនួយបន្តគាំទ្រ ដើម្បីធ្វើការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តប៉ៃលិន ឱ្យសម្រេចបានទៅតាមផែនការនៅឆ្នាំ២០២៥។


បើតាមរបាយការណ៍របស់លោក ឈឹម សម្បត្តិ ប្រធានអង្គភាពកំចាត់មីន ម៉ាពូ ( Mapou) ខេត្តប៉ៃលិន បានឱ្យដឹងថា ខេត្តប៉ៃលិនមានចម្ការមីនសរុប ១១៩២ចម្ការ ស្មើផ្ទៃដី ៧៩៣៤ហិកតា ហើយបានបោសសម្អាតរួចចំនួន ៧៧៨ចម្ការ រំដោះផ្ទៃដីបានចំនួន ៥១៤៦ហិកតា ដោយរកឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដូចជា៖ ១-គ្រាប់មិនទាន់ផ្ទុះចំនួន ៣៤៣៨៤គ្រាប់ ២-មីនប្រឆាំងរថក្រោះចំនួន ១១០៧គ្រាប់ ៣-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ២៣៤៦៧៩គ្រាប់ ហើយចាប់តាំងពីឆ្នាំ២០០០ រហូតដល់ ឆ្នាំ២០២០ មានជនរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មានចំនួន ៦៧១នាក់ ស្រី ៧៧នាក់៕ 

ដោយ ៖ នីយ៉ា