About Me

header ads

កសិករ ដាំចេកពងមាន់១៣ហិកតា ប្រមូលផលលក់បានប្រាក់ចាប់ពី២០០០ដុល្លារ ទៅ២៥០០ដុល្លារ ក្នុង១ខែ

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ គេសង្កេតឃើញ ប្រជាកសិករម្នាក់ ឈ្មោះ ហ៊ឹម នេត្រា ហៅពេទ្យ អាយុ៥៨ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រកបមុខរបរដាំដើមចេកពងមាន់ ចំនួន១៣ហិកតា តាំងពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន គាត់បានទទួលផល កាត់លក់ជារៀងរាល់ ១អាទិត្យម្តង បានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ ប្រភពព័ត៌មាន ពីម្ចាស់ចម្ការខាងលើ បានរៀបរាប់ឱ្យដឹងថា ៖ ការដាំចេកពងមាន់នៅក្នុងរបស់ខ្លួន ដែលមានទំហំប្រមាណ១៣ហិកតានេះ គឺមានគម្លាតពីគ្នាប្រវែង៣ម៉ែត្របួនជ្រុង ដាំចំនួន៨គុម្ព ហើយផ្ទៃដីចំនួន១៣ហិកតា គាត់ដាំបានសរុបចំនួន២៩០០០គុម្ព ។ លោកបន្តទៀតថា ការដាំចេកពងមាន់នេះ គឺសុំពូជពីគេ ដោយដំបូងមានត្រឹមតែ៤គុម្ពប៉ុណ្ណោះ លុះក្រោយមកក៏ចេះតែពង្រីកបន្ថែម រហូតដល់អាចដាំបានច្រើនគុម្ពតែម្តង ។ ចំពោះការប្រមូលផលផ្លែចេកនេះ គឺគាត់លក់១គីឡូក្រាម តម្លៃចាប់៣០០០រៀល ទៅ៣៥០០រៀល តែបើនៅរដូវបុណ្យទានវិញ ដូចជាចូលឆ្នាំចិនជាដើម ការលក់ដូររបស់គាត់ឡើងថ្លៃបន្តិច ដោយ១គីឡូក្រាម ចាប់ពី៤០០០រៀល ទៅ៤៥០០រៀល ។ ម្យ៉ាងវិញទៀត ការប្រមូលផលចេកពងមាន់នេះ សរុបក្នុង១ខែ គឺអាចកាត់យកទៅលក់ដូរប្រហែល៨ ទៅ៩តោន ដោយគាត់ដឹកខ្លួនឯង យកទៅលក់ដូរនៅតូប ដែលជួលនៅក្នុងផ្សារប៉ុមពុយ ខេត្តបាត់ដំបង ។


ចំណែកការលក់ដូរចេក នៅក្នុងខេត្តប៉ៃលិនវិញ អត់សូវមានទីផ្សារនោះទេ ព្រោះប្រជាពលរដ្ឋទទួលទិញ ត្រឹមតែ២០០ ទៅ៣០០គីឡូក្រាមប៉ុណ្ណោះ ក្នុង១ខែ ។ ដូច្នេះ ដោយសារតែចេករបស់ខ្លួនច្រើន ទើបសុខចិត្តកាត់ដឹកយកទៅលក់ដូរនៅខេត្តបាត់ដំបងវិញ ។ លោកបញ្ជាក់ទៀតថា មិនត្រឹមតែប៉ុណ្ណោះ ចេករបស់គាត់ ក៏មានជនជាតិថៃ ចូលមកកុម្មង់ទិញ វេចខ្ចប់ ដោយយកទៅលក់បន្តនៅប្រទេសចិន លុះជាប់គាំងនឹងបញ្ហាវិបត្តិកូវីដ១៩ ក៏ផ្អាក ដោយមានតែទីផ្សារខ្មែរប៉ុណ្ណោះ ។ ចេករបស់គាត់ មានការខ្ចប់ច្រកថង់ទាំងស្ទងតាំងពីចេកនៅខ្ចី ដើម្បីឱ្យពណ៌សម្បុរថ្លាល្អ  ងាយស្រួលក្នុងការលក់ដូរ ។ លោក ក៏សូមថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្តប៉ៃលិន ដែលបានចំណាយពេលវេលាចុះទៅដល់ចម្ការផ្ទាល់ ដើម្បីជួយពន្យល់ ពីរបៀបដាំ របៀបថែទាំចេកពងមាន់របស់ខ្លួនឱ្យបានល្អប្រសើរផងដែរ ។ ចំណែកលោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានបញ្ជាក់បន្ថែមដែរថា ៖ នៅទូទាំងខេត្តប៉ៃលិន មានការដាំ ដំណាំជារួម ជាង៧០០០០ហិកតា ក្នុងនោះមានដំណាំពោតក្រហម ដំឡូងមី តាង៉ែន ហៅមៀនប៉ៃលិន ស្វាយកែវរមៀត និងដំណាំផ្សេងៗ មួយចំនួនទៀត ។ តែក៏មានប្រជាកសិករ ដាំចេកពងមាន់ ចំនួន៣កន្លែងប៉ុណ្ណោះ នៅទូទាំងខេត្តប៉ៃលិន ។ លោកបន្តទៀតថា ខាងមន្ទីរកសិកម្មខេត្ត ក៏មានការបង្ហាត់បង្រៀន ដល់កសិករឱ្យយល់ដឹងពីរបៀបថែទាំ និង នាំក្រុមហ៊ុនពីខាងក្រៅ ឱ្យចូលមកទាក់ទង ដើម្បីទិញចេកយកទៅលក់ដូរនៅប្រទេសថៃផងដែរ ។ ជាក់ស្តែងនៅក្នុងចម្ការរបស់កសិករម្នាក់ ឈ្មោះ ហ៊ឹម នេត្រា ហៅពេទ្យ ដែលបានផលិតចេកពង មាន់លក់ក្នុង១អាទិត្យ ទទួលផលបានចាប់ពី១តោន ទៅ១.៥តោន ដំបូងចំណាយដើមទុនដាំក្នុង១ហិកតា ប្រហែល៤០០០ដុល្លារ ដោយរហូតមកដល់ពេលនេះ គាត់អាចទទួលបានផលជាប្រាក់ចំណេញគួរឱ្យកត់សម្គាល់ ដោយគាត់អាចផលិតលក់នៅក្នុងខេត្តប៉ៃលិន និងលក់ដូររហូតដល់ខេត្តបាត់ដំបងផងដែរ ។ 



លោកបន្តទៀតថា ខាងមន្ទីរក៏បាននាំយកនូវថ្នាំកសិកម្មមួយចំនួន ដើម្បីឱ្យម្ចាស់ចម្ការបាញ់ ស្រោច ទៅលើដំណាំចេក សម្រាប់ការពារ និងកំចាត់សត្វល្អិត កុំឱ្យស៊ីបំផ្លាញផ្លែចេក ហើយគោលបំណងរបស់មន្ទីរកសិកម្ម គឺចង់ឱ្យម្ចាស់ចម្ការខាងលើ និង ប្រជាពលរដ្ឋពង្រីកការដាំដុះដំណាំចេកឱ្យកាន់តែច្រើន តាមស្តង់ដា ដើម្បីនាំចេញទៅលក់ដូរនៅក្រៅប្រទេសផងដែរ ៕