About Me

header ads

កសិកររអ៊ូរទាំ និងព្រួយបារម្ភចំពោះជីវភាព ខណ:ឈ្មួញទិញផ្លែស្វាយកែវរមៀតក្នុងតម្លៃថោកខ្លាំង ជាងឆ្នាំមុន

ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ គេសង្កេតឃើញ ប្រជាពលរដ្ឋ ដែលប្រកបរបរ ដាំដំណាំស្វាយកែវរមៀត នៅក្នុងក្រុងប៉ៃលិន បានរអ៊ូរទាំ និងព្រួយបារម្ភយ៉ាងខ្លាំងគ្រប់ៗគ្នា ចំពោះជីវភាពប្រចាំថ្ងៃ ខណ:ឈ្មួញដើរទិញផ្លែស្វាយនេះ ក្នុងតម្លៃ កាន់តែថោក ទៅៗ ពោលគឺមានការធ្លាក់ចុះយ៉ាងគំហុកជាងឆ្នាំមុនតែម្តង ។ បុរសម្នាក់ ឈ្មោះ ហុក អាយុ៥៨ឆ្នាំ ប្រពន្ធ ឈ្មោះ អ៊ូច សាឌី អាយុ៥៧ឆ្នាំ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានចាំចម្ការឱ្យថៅកែម្នាក់ ឈ្មោះ រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ ដែលបានដាំដើមស្វាយ អាចប្រមូលផលបាន ជាង២០០០ដើម  បានរៀបរាប់ឱ្យដឹងទាំងទឹកមុខស្រពោនថា ៖ ពេលនេះ គាត់ក៏ដូចជាម្ចាស់ចម្ការ ពិតជាអស់សង្ឃឹមយ៉ាងខ្លាំង ពេលដែលឈ្មួញដើរទិញកសិផលផ្លែស្វាយកែវរមៀត ក្នុងតម្លៃទាបបំផុត ដោយពីមុន គាត់បេះលក់ឱ្យ ឈ្មួញ ១គីឡូក្រាម តម្លៃ១០០០ទៅ១២០០រៀល ។ តែប៉ុន្មានថ្ងៃជាប់ៗ គ្នានេះ ឈ្មួញដើរទិញស្វាយកែវរមៀតខៀវ ១គីឡូក្រាម ត្រឹមតែតម្លៃ២៥០រៀល ទៅ៣០០រៀលប៉ុណ្ណោះ ។ ប្រភពដដែលបន្តទៀតថា បើតម្លៃទីផ្សារធ្លាក់ចុះបែបនេះ មិនរួចខ្លួននោះទេ ព្រោះម្ចាស់ចម្ការជួលកម្មករ ឱ្យថែទាំដើមដាក់ជី បាញ់ថ្នាំកំចាត់សត្វល្អិត ប្រើថ្នាំប៉ូវដើម និងប៉ូវផ្លែ ព្រមទាំងជួលកម្មករឱ្យបូមទឹកស្រោច២ទៅ៣ថ្ងៃម្តង លុះប្រមូលផល បែរជាមានការធ្លាក់ចុះបែបនេះនេះ ។ បើទីផ្សារផ្លែស្វាយកែវរមៀត ឈ្មួញនាំគ្នាទិញក្នុងតម្លៃចាប់ពី១០០០រៀល ឡើងលើ គឺអាចទទួលយកបាន ដោយផាត់ថ្លៃចំណា យទៅ គឺនៅសល់ថវិកាតិចតួចដែរ សម្រាប់យកទៅសងជំពាក់បំណុលគេ ។ តែបើតម្លៃផ្លែស្វាយធ្លាក់ចុះគួរឱ្យកត់សម្គាល់ យ៉ាងគំហុកដូចនេះ គឺមិនអាចទទួលយកបាននោះទេ ហើយគាត់ក៏សូមអំពាវនាវដល់អាជ្ញាធរខេត្ត ជាពិសេសអភិបាលខេត្តប៉ៃលិន និងមន្ទីរកសិកម្មខេត្ត ព្រមទាំងថ្នាក់លើ ឱ្យជួយរកទីផ្សារសម្រាប់កសិករផងដែរ ។ 


ចំណែកប្រជាពលរដ្ឋផ្សេងទៀត រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងទាំងក្តីអស់សង្ឃឹ មដែរថា ៖ ពួកគាត់ពិតជាមានការលំបាកខ្លាំង អស់សង្ឃឹម ទោះបីជាប្រឹងយំក៏យំមិនចេញ សើចក៏សើចមិនចេញ មិនដឹងជានៅបន្តដាំដំណាំអ្វីទៀត ដើម្បីលក់ឱ្យបានថ្លៃ សម្រាប់យកទៅចិញ្ចឹមជីវិត ព្រោះបើដាំស្វាយ បែរជាផ្លែស្វាយធ្លាក់តម្លៃចុះ លុះពេលនាំគ្នាដាំតាង៉ែនហៅមៀនប៉ៃលិន ក៏ធ្លាក់ចុះ ដូចគ្នា ។ រីឯដាំដំណាំផ្សេងៗទៀត ពេលខ្លះឡើងថ្លៃតែដំបូង លុះបានមួយស្របក់ ស្រាប់តែធ្លាក់ចុះដូចៗគ្នា ដែលជាហេតុធ្វើឱ្យអ្នកខ្លះបោះបង់ការដាំដំណាំ លក់ដីចម្ការ នាំគ្នាចេញទៅធ្វើការងារនៅ ប្រទេសថៃ ជាដើម ក្រែងបានប្រាក់សម្រាប់យកទៅសងបំណុលគេ និងសល់ខ្លះ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ៕