About Me

header ads

ពិធីបុណ្យមាឃបូជា និងដង្ហែររូបព្រះបដិមារ ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋ និងយុវជន ត្រូវចូលរួមថែរក្សានូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់សាសនាឲ្យបានគង់វង្ស

( ត្បូងឃ្មុំ ):

ដើម្បីលើកកំពស់ការយល់ដឹង និងលើកទឹកចិត្តដល់ពុទ្ធបរិស័ទ ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវអំពីពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា រដ្ឋបាលខេត្តត្បូងឃ្មុំ បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ រួមទាំងព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការវត្តទូទាំងខេត្ត បានរួមគ្នាប្រារព្ធពិធី «បុណ្យមាឃបូជា» និងដង្ហែររូបព្រះបដិមារនៅតាមទីប្រជុំជននានាក្នុងខេត្ត កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១  ។ពិធីបុណ្យមាឃបូជា គឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ធ្វើចតុរង្គសន្និបាត ដោយមានព្រះអរហន្តាខីណាស្រប ដែលជាឯហិភិក្ខុ ១.២៥០ អង្គ សំដែងនូវឱវាទបាតិមោក្ខ និងទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ បញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅ ៣ ខែទៀត តថាគតនឹងបរិនិព្វានហើយ ។ 



លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា  តាមរយៈការរៀបចំពិធីបុណ្យមាឃបូជានៅពេលនេះ នឹងបានបង្ហាញនូវអត្ថន័យ ២ យ៉ាង សម្រាប់សតិអារម្មណ៍របស់ព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្មួយៗសិស្សានុសិស្ស និងញាតិញោមពុទ្ធបរិស័ទនៅទីនេះគឺ ទី ១- បញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកំពស់ តួនាទីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នៅក្នុងសង្គម ដែលជានយោបាយ ដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទី ២-ជួយឲ្យប្រជាពុទ្ធបរិស័ទ បានយល់ដឹងបន្ថែមពី ព្រះពុទ្ធសាសនាពិសេស គឺបានយល់ដឹងពី ពិធីបុណ្យដ៏មានមហាអត្ថន័យនៃបុណ្យមាឃបូជាផងដែរ ។លោក បានបន្តថា តាមរយៈនេះប្រជាពុទ្ធបរិស័ទនឹងកាន់តែយល់ថា ព្រះពុទ្ធសាសនាមានគុណូបការៈធំធេងចំពោះប្រជាជននោះគឺតួនាទីជួយប្រៀនប្រដៅ ឲ្យប្រព្រឹត្តតែអំពើល្អ មិនបៀតបៀនគ្នាយល់ដឹងនូវ គុណ-ទោស យល់ដឹងថាអំពើណាគួប្រព្រឹត្ត និងអំពើណាគួរវៀរចាក ។លោក ហាក់ ហុន បន្ថែមថា ពិធីបុណ្យមាឃបូជា តែងតែត្រូវបានធ្វើឡើងនៅថ្ងៃ ១៥ កើត ខែមាឃ ជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យសាសនាមួយនេះ មានសារៈសំខាន់ណាស់នៅក្នុងពុទ្ធិសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមានមាឃបូជា ពិសាខបូជា, អាសាឍបូជា( បុណ្យចូលព្រះវស្សា ) និងបុណ្យបវារណា ( ចេញព្រះវស្សា ) ជាដើម ៕