About Me

header ads

អគ្គីភ័យឆាបឆេះឃ្លាំងទំនិញ​ និងផ្ទះប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកងយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ​ ៖​ មានគ្រោះអគ្គីភ័យមួយបានឆាបឆេះឃ្លាំងទំនិញ​ និងផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នករស់នៅជិតខាងព្រមទាំងសមត្ថកិច្ចមូលដ្ឋាន​កាលពីវេលាម៉ោង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​២៩​ ខែមករា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវ៣៥៨​ ក្នុងសង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ ម្ចាស់ឃ្លាំង​ និងម្ចាស់ផ្ទះសងខាងដែលរងគ្រោះនៃគ្រោះអគ្គីភ័យខាងលេី​នេះ​ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ។ 





យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ទីតាំងឃ្លាំងខាងលេីមានផ្ទុកដោយក្រណាត់​ ជ័រ​ ដែក​ ធុងហ្គាស​ និងសម្ភារៈផ្សេងៗគ្នាជាច្រេីន​ ។ ខណៈមុនពេលកេីតហេតុនោះគេសង្គេតឃេីញផ្សែងហុយចេញពីក្នុងឃ្លាំងមិនដឹងមូលហេតុអ្វីនោះទេ​ ភ្លាមៗស្រាប់តែកេីតមានអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ​ និងផ្សែងហុយខ្មួលខ្មាញ់ពាសពេញមេឃ​ ។ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋដែលរស់នៅក្បែរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​ ទាំងមន្ត្រីជំនាញបង្ការពន្លត់​អគ្គីភ័យ និងសង្គ្រោះ​ ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ​ ។ ក្នុងរង្វង់ប្រតិបត្តិការណ៍បង្ការពន្លត់អគ្គីភ័យ​ និងសង្គ្រោះ​ ខាងលេី​នេះ គឺអាជ្ញាធរមានសមត្ថកិច្ច​ខណ្ឌបឹងកេងកង​ជាច្រេីននាក់ បានសហការជាសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យ​ជាច្រេីនអង្គភាព​ ដែលចុះមកអន្តរាគមន៍បាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជេីង​អស់ពីកម្លាំងកាយចិត្ត​ ។ បេីគិតត្រឹមម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩​ ខែមករា​ ឆ្នាំ​២០២១​ រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃដដែល​ អគ្គីភ័យខាងលេីនៅមិនទាន់រលត់ទៅវិញទាំងស្រុងនោះទេ​ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យ(ទឹក)ជាច្រេីន​គ្រឿង ។ ចំពោះមូលហេតុ​ក៏មិនទាន់បញ្ចាក់បានច្បាស់នៅឡេីយទេ​ ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត​ ។ រីឯមនុស្សក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ​ ៕​