About Me

header ads

អាជ្ញាធរក្រុងប៉ៃលិន ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវសាធារណ: ក្នុងក្រុងប៉ៃលិន ដើម្បីបរិស្ថាន និងសោភ័ណភាព

ខេត្តប៉ៃលិន ៖ ដើម្បីចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាន និងសោភ័ណភាពផ្លូវសាធា រណ:ក្នុងក្រុងប៉ៃលិន ឱ្យកាន់តែស្រស់ស្អាត បង្កលក្ខណ:ងាយស្រួលទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យចូលមកកម្សាន្តនៅក្នុងខេត្តប៉ៃលិន កាន់តែច្រើន រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ លោក ចក់ រិទ្ធី អភិបាលរងក្រុង បានដឹកនាំកម្លាំងជំនាញ ចុះរៀបចំសណ្តាប់ធ្នាប់ និងអប់រំដល់ប្រជាពលរដ្ឋ ឱ្យរៀបចំធុងសម្រាម និងតូបលក់ដូររបស់ខ្លួន ឱ្យមានរបៀបរៀបរយ មិនឱ្យដាក់ហួសលើសគម្របលូនោះឡើយ ជាពិសេសគឺដំបូលរោងសំយាបមុខផ្ទះ ត្រូវតែស្ថិតនៅខាងក្រោយគម្របលូតែម្តង ។ 


បើតាមប្រភពពីលោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន ទទួលបន្ទុកផ្នែកបរិស្ថាន និងសណ្តាប់ធ្នាប់ផ្លូវសាធារណ:ក្រុង បានរៀបរាប់ឱ្យភ្នាក់ងារយើងដឹងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ៖ បន្ទាប់ពីទទួលបាននូវបទបញ្ជាពីលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន ខាងលោកបានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវសាធារណ:ក្នុងក្រុងប៉ៃលិននេះ ឱ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ ដោយចុះរៀបចំអស់រយ:ពេល២ថ្ងៃមកហើយ ក្នុងនោះមានកម្លាំងខាងអធិការដ្ឋាន នគរបាលក្រុងប៉ៃលិន ផ្នែកការិយា ល័យសណ្តាប់ធ្នាប់ ខាងមន្រ្តីសង្កាត់ប៉ៃលិន រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះណែនាំ អប់រំដល់ប្រជាពលរដ្ឋ ឱ្យចេះរក្សាអនាម័យនៅតាមចិញ្ចើមផ្លូវមុខផ្ទះរបស់ខ្លួន និងនៅតាមផ្លូវតូបផ្សារប៉ាហ៊ីផងដែរ ។ លោកបន្តទៀតថា ចាប់ពីពេលនេះតទៅ ខាងអាជ្ញាធរ នឹងចុះអនុវត្តនូវកិច្ចការនេះ ជាប់ជាប្រចាំ ដូចភ្លៀងរលឹម ដើម្បីជម្រាបដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗ ចិញ្ចឹមផ្លូវសាធារណ:ទាំង អស់ ឱ្យមានការយល់ដឹងកាន់តែច្បាស់ អំពីការដាក់តាំងលក់ទំនិញ នៅមុខផ្ទះ និងនៅតាមសំយាបតូបក្នុងផ្សារ ដោយមិនត្រូវដាក់ដំបូលរោងហួសគម្របលូនោះឡើយ ជាហេតុដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណ: បង្កឱ្យមានការចង្អៀតផ្លូវ អាចឱ្យកើតជាករណីគ្រោះថ្នាក់ចរាចរណ៍ជាយថា ហេតុ ឬធ្វើឱ្យបាត់បង់សោភ័ណភាពក្រុងផងដែរ ។ 


លោក ចាក់ រិទ្ធី អភិបាលរងក្រុងក៏បានណែនាំឱ្យប្រជាពលរដ្ឋចេះតុបតែងសំយាបផ្ទះរបស់ ខ្លួន ឱ្យមានរបៀបរៀបរយល្អ ដើម្បីលំអឱ្យមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកលេងក្នុងខេត្តប៉ៃលិន កាន់តែច្រើនឡើងៗ ។ លើសពីនេះ បើសិនជាប្រជាពលរដ្ឋនៅតែបន្តដាក់តាំងលក់ទំនិញរបស់ខ្លួន រហូតដល់ហួសគម្របលូ ខាងអាជ្ញាធរក្រុងនឹងមានវិធានការ បន្ទាប់ពីធ្វើការអប់រំណែនាំពីរទៅបីដង មិនព្រមស្តាប់តាម ។ លោកក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យនៅតែបន្តរក្សាការអនាម័យ ដោយលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលជែល ដើម្បីការពារកុំឱ្យមានការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ចូលក្នុងសហគមន៍ ៕