About Me

header ads

បុរសពោះម៉ាយម្នាក់ ដាំបន្លែល្ហុង៤ហិកតា ដើម្បីបេះលក់ផ្គត់ផ្គង់ជិវភាពប្រចាំថ្ងៃ នៅក្បែរជើងភ្នំខៀវ តែសត្វស្វាបេះស៊ីទាំងហ្វូង ស្ទើរអស់រលីងពីដើម

  ខេត្តប៉ៃលិន ៖ គេសង្កេតឃើញមានប្រជាកសិករពោះម៉ាយម្នាក់ មានកូនស្រីតូចម្នាក់អាយុ៣ឆ្នាំនៅក្នុងបន្ទុក បានខិតខំប្រឹងប្រែងដាំដំណាំបន្លែល្ហុងចំនួន៤ហិកតា នៅជាប់នឹងជើងភ្នំខៀវ ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន សម្រាប់បេះលក់បានប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ គាត់ ក៏ដាំដំណាំផ្សេងៗ ជាច្រើននៅលើដី ចម្ការប្រមាណ១០ហិកតាផងដែរ ។ តែគាត់បារម្ភពីបញ្ហាសត្វស្វាទាំងហ្វូង ចូលស៊ីនិងបេះផ្លែល្ហុងចូលក្នុងព្រៃ ភ្នំនាំកូនចៅស៊ីរាល់ថ្ងៃ ពិបាកក្នុងការការពារ ។ 


បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ មុត ស្មាអែល អាយុ៦៣ឆ្នាំ រស់នៅភូមិខាងលើ បាន ឱ្យភ្នាក់ងារយើងដឹងថា ៖ រូបគាត់បានដាំល្ហុងមួយប្រភេទឈ្មោះ ហូឡេន ចំនួនជាង៤០០០ដើម ដែលជាតម្រូវការទីផ្សារ នៅលើផ្ទៃដីប្រមាណ១០ហិកតា ។ គាត់បន្តទៀតថា ដំណាំល្ហុងប្រភេទនេះ កាលពីមុនទាន់មានករណីជម្ងឺកូវីដ១៩ នៅពេលទុំបេះលក់១គីឡូក្រាមតម្លៃ២០០០រៀល ដោយមានម៉ូយធ្វើដំណើរមកពីក្រុងប៉ៃលិន ចូលទៅម៉ៅទិញពេលជិតទុំ បេះដឹកយកទៅលក់បន្តនៅតាម បណ្តាខេត្តនានា ។ គាត់ដាំដំណាំល្ហុងប្រភេទ ហូឡេននេះ អស់រយ:ពេលជាង៣ឆ្នាំមកហើយ គឺគេទិញយកទៅទទួលទាននៅពេលទុំ មិនមែនជាប្រភេទល្ហុងបន្លែនោះឡើយ ដោយមានរសជាតិផ្អែម ឆ្ងាញ់ ។ តែអ្វីដែលធ្វើឱ្យគាត់មានការព្រួយបារម្ភនោះ ដោយសារតែនៅក្នុងចម្ការរបស់គាត់ជាប់នឹង ជើងភ្នំខៀវ សម្បូរទៅដោយសត្វស្វា ដែលចូលមកស៊ីល្ហុងរបស់ខ្លួនជារៀងរាល់ថ្ងៃ នៅពេលល្ហុងចាស់ជិតទុំ គឺចូលបេះស៊ីទាំងហ្វូង ហើយជញ្ជូនឡើងទៅលើភ្នំថែមទៀត ។ ជួនកាលក៏មានសត្វជ្រូក ព្រៃ ចេញពីក្នុងព្រៃភ្នំ មកស៊ីដំណាំរបស់គាត់ នាពេលយប់ស្ងាត់ផងដែរ ។ 


គាត់បញ្ជាក់ទៀតថា នៅលើដីចម្ការខាងលើនេះ គាត់មិនត្រឹមតែដាំបន្លែល្ហុងប៉ុណ្ណោះទេ គឺមានដាំដំណាំហូបផ្លែជាច្រើនទៀត ដូចជា ស្វាយកែវរមៀត ក្រូចសើច អំពិល ក្រូចខ្លុង មៀនកោះក្របី ដើមខ្នុរ ដើមទឹកដោះ ។ ជាពិសេសជារៀងរាល់ថ្ងៃចុងសប្តាហ៍ មានប្រជាពលរដ្ឋជាច្រើន ដែល រស់នៅក្នុងក្រុងប៉ៃលិន តែងតែបើកបរម៉ូតូ និងរថយន្ត ទៅលេងក្នុងចម្ការរបស់គាត់ រហូតដល់ពេល ល្ងាច ទើបនាំគ្នាត្រឡប់មកផ្ទះវិញ ។ 


គាត់ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលឈប់សម្រាកពីការងារ អាចចូលទៅលេងចម្ការ របស់គាត់ ដោយទិញផ្លែឈើផ្សេងៗ និងផ្លែល្ហុងជាដើម ព្រោះជាផ្លែឈើធម្មជាតិសុទ្ធសាធ អត់មាន ប្រើជីគីមីអ្វីនោះឡើយ ៕








ដោយ ៖ នីយ៉ា