About Me

header ads

មន្រ្តីកាំកុងត្រូល ខេត្តប៉ៃលិន បង្កើនការត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ

ប៉ៃលិន៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំកាំកុងត្រូលខេត្តប៉ៃលិន ដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យ និងធ្វើតេស្តឃីត (Test Kit) លើម្ហូបអាហារ ព្រមទាំងណែនាំដល់អាជីវករ ដែលដាក់តាំងលក់ម្ហូបអាហារ និងទំនិញ នៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន អំពីការទប់ស្កាត់ចំណីអាហារខូចគុណភាព មានផ្ទុកសារធាតុគីមី ទំនិញហួសសុពលភាព និងខូចគុណភាព ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ។



លោក ឈឹម វាសនា បានមានប្រសាសន៍ឱ្យដឹងថា ៖ ការទប់ស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់សារធាតុគីមី គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ ដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ។



លោកបានមានប្រសាសន៍បន្តថា៖ ទំនិញដែលមន្រ្តីតែងតែធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅលើកាលបរិច្ឆេទ សំបកវេចខ្ចប់ រួមទាំងធ្វើតេស្តឃីត ពិនិត្យរកសារធាតុគីមីនៅលើគ្រឿងសមុទ្រ បន្លែ ត្រីសាច់ ជាដើម ដើម្បីចូលរួមចំណែកទប់ស្កាត់ការចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ ។



លោកបានបញ្ជាក់ថា៖ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្រា្កបការលបលួចនាំចូល ការផលិត ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ដែលជនខិលខូច បានក្លែងបន្លំចរាចរណ៍លក់នៅលើទីផ្សារ និងម្ហូបអាហារដែលខូចគុណភាព អាហារមានសារធាតុគីមី ហើយយើងក៏បានអប់រំផ្សព្វផ្សាយជាសាធារណៈនូវចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ ។ ដូច្នេះហើយសូមអោយបងប្អូនអាជីវករ លក់នៅតាមបណ្តាតូបនានា មេត្តាសហការជាមួយសមត្ថកិច្ច និងកុំគិតតែពីផលចំណេញជាធំ និងសុំអោយទាំងអស់គ្នា រួមគ្នាទទួលខុសត្រូវចំពោះមុខច្បាប់ និងគោរពបទដ្ឋានបច្ចេកទេស ក្នុងការផ្គត់ផ្គង់ម្ហូបអាហារលើទីផ្សារ ។



សូមបញ្ជាក់ថា ៖ ក្នុងការចុះត្រួតពិនិត្យទំនិញនាឱកាសនោះ មន្ត្រី (ក.ប.ប)ខេត្ត បានធ្វើតេស្តឃីត ត្រួតពិនិត្យលើចំណីអាហារសំខាន់ៗ រួមមាន៖ គ្រឿងសមុទ្រ ពពុះសណ្តែក បាញ់កាញ់ គុយទាវ ប្រហិត គ្រឿងទេស ជាលទ្ធផលអវិជ្ជមាន គឺមិនមានផ្ទុកសារធាតុគីមីធ្វើអោយប៉ះពាល់ដល់សុខភាពនោះទេ ។ ប៉ុន្តែត្រួតពិនិត្យរកឃើញមានគ្រឿងសំអាង និងឡេលាបស្បែកមួយចំនួន ដែលដាក់តាំងលក់ មានការផុតកំណត់កាលបរិច្ឆេទផងដែរ ៕ 





ដោយ ៖ នីយ៉ា