About Me

header ads

នាយទាហានម្នាក់កំពុងដេកឈឺធ្ងន់ធ្ងរសម្រាកនៅលើគ្រែ លើកម្រាមដៃ១០សំពះ ដង្ហោយរកជំនួយពីសប្បុរសជនក្នុងនិងក្រៅប្រទេស

ខេត្តប៉ៃលិន ៖ បើតាមសម្តីលោក វណ្ណ ដាវី មេបញ្ជាការកងល្បាតទី១ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ ព្រំដែនកម្ពុជា-ថៃ បានរៀបរាប់ទាំងសម្លេងខ្សាវៗ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្នុងផ្ទះរបស់ខ្លួន នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណ:កំពុងឈឺធ្ងន់ នៅលើគ្រែឱ្យដឹងថា ៖ គាត់ជាអតីតមន្រ្តីយោធាប្រចាំការនៅរាជធានីភ្នំពេញ ជាអង្គរក្សរបស់ឯកឧត្តម មាស សុភា លុះរហូតមកដល់ឆ្នាំ២០០៥ គាត់ក៏បានផ្លាស់ប្តូរការងារមកប្រចាំការនៅបន្ទាត់ព្រំដែន ហើយបានឡើងកាន់តំណែងជាមេបញ្ជាការកងល្បាតទី១ កងការពារព្រំដែននៅឆ្នាំ២០១៣ ។ 

លោកបានបន្តទៀតទាំងទឹកភ្នែកហូរ និងអួលដើមក.ឱ្យដឹងថា គាត់ មានប្រពន្ធ ឈ្មោះ ខៀវ ណាវី អាយុ៤៨ឆ្នាំ មានកូនប្រុសនៅក្នុងបន្ទុកចំនួន៣នាក់ ហើយកាលពីលោកនៅមានកម្លាំងរឹងមាំ គឺបានខិតខំបំពេញភារកិច្ច ជូនជាតិមាតុភូមិយ៉ាងអង់អាចក្លាហាន មិនរាថយនោះឡើយ។ លុះមកដល់ឆ្នាំ២០១៨ ស្រាប់តែគាត់មានជម្ងឺរលាកសួត ហើយក៏ឈឺធ្ងន់ធ្ងរឡើងៗ ដោយព្យាបាលបណ្តើរ នៅបម្រើការងារបណ្តើរ ហើយក៏យកលុយកាក់ ដែលខ្លួនបានខិតខំសន្សំទុក ទៅព្យាបាល រហូតដល់រាជធានីភ្នំពេញ និងមន្ទីរពេទ្យនានាជាច្រើន តែមិនអាចធ្វើឱ្យជម្ងឺនេះ ធូរស្បើយឡើងវិញដូចដើមនោះឡើយ ពោលគឺកាន់តែធ្ងន់ធ្ងរឡើងៗ ដេកនៅលើគ្រែតែម្តង មានកូនប្រុសច្បងម្នាក់ រត់ម៉ូតូឌុប យកថវិកាផ្គត់ផ្គង់ជីវភាព ។ លោកបន្ថែមទៀតថា ក្នុងអំឡូងពេលដែលគាត់កំពុងសម្រាកព្យាបាលនេះ គឺគាត់បានផ្ទេរភារកិច្ចរបស់ខ្លួន ឱ្យទៅលោកមេបញ្ជាការរងស្តីទីជំនួសខ្លួនជិត១ឆ្នាំមកហើយ ខណ:មួយរយ:ពេលនេះ ជម្ងឺកាន់តែដុនដាប ណាមួយគ្មានថវិកាព្យាបាល ដោយលក់របស់មានតម្លៃនៅក្នុងផ្ទះ ដូចជារថយន្ត កេរ្តិ៍អាករ មួយចំនួន ដើម្បីព្យាបាលខ្លួនអស់ទៅហើយ ក៏បានបញ្ចាំប្លង់ផ្ទះ ដែលខ្លួនកំពុងស្នាក់នៅនេះបន្ថែមទៀតផងដែរ ។ លោកក៏សូមអំពាវនាវដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដល់ប្រមុខដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសលោក ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលទើបឡើងកាន់តំណែងថ្មី ជួយផ្តល់ថវិកា ដើម្បីយកទៅព្យាបាលខ្លួន បន្តជីវិតរស់នៅជួបជុំប្រពន្ធកូនផងដែរ ។ 



លោកបញ្ជាក់ថា ពេលខ្លួនឈឺកន្លងមក គ្មានថ្នាក់ដឹកនាំអាជ្ញាធរដែនដី ឬអង្គភាពសាមីមកសួរសុខទុក្ខខ្លួនទេ មានតែឯកឧត្តម ទី សុខា មេបញ្ជាការប្រចាំទិសទី៣ប៉ៃលិន សំឡូត បាននាំយក គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅសួរសុខទុក្ខដល់ខ្លួនម្តងដែរ ។ ជាចុងក្រោយលោក ក៏មានសំណូមពរដល់សប្បុរសជន និងអ្នកទស្សនាតាមបណ្តាញសង្គម ឱ្យជួយឧបត្ថម្ភដល់គាត់ផង ព្រោះគាត់ចង់មានជីវិតរស់នៅជួបជុំប្រពន្ធកូនបន្តទៀត ដោយទាក់ទងមកលេខទូរស័ព្ទផ្ទាល់ 097 6262 500 ៕