About Me

header ads

ពលរដ្ឋចំនួន៧០០គ្រួសារក្នុងស្រុកសាលាក្រៅ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក ទទួលអំណោយពីអង្គការ ការីតាសកម្ពុជា

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន ៧០០គ្រួសារ មកពីឃុំចំនួន ០៤ ក្នុងស្រុកសាលាក្រៅ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក បានទទួលអំណោយស្បៀង និងសំភារៈអនាម័យ ពីអង្គការ ការីតាសកម្ពុជា ដោយកម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ។


ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំអំពាវនាវ ស្វែងរកដៃគូសហការ និងសប្បុរសជននានា ក្នុងការជួយដោះស្រាយ និងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយជាក់ស្តែងក្នុងនោះក៍មានការគាំទ្រ និងសហការពីអង្គការការីតាស ប្រចាំកម្ពុជាផងដែរ។


ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះអង្គការីតាស កម្ពុជា ដែលជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះមហន្តរាយធម្មជាតិផ្សេងៗបានទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ហើយឯកឧត្តម សង្ឃឹមថា អង្គការ ការីតាសកម្ពុជា នឹងបន្តសហការជាមួយអាជ្ញាខេត្ត លើវិស័យមនុស្សធម៌នេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។


នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺកូវីត-១៩ ដោយអនុវត្តន៍តាមការណែនាំ និងសារអប់រំសំខាន់ៗរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ហើយបើមានករណីសង្ស័យ ត្រូវប្រញាប់ប្រញាល់មកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញធ្វើការពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។


បើតាមការបញ្ជាក់របស់លោក គឹម រតនា នាយកប្រតិបត្តិ នៃអង្គការការីតាសកម្ពុជា បានអោយដឹងថា៖ ចំពោះអំណោយ ដែលផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៧០០ គ្រួសារនៅក្នុងស្រុកសាលាក្រៅនាពេលនេះ គឺជាការចូលរួមចំនែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តការរវាងអង្គការ និងរាជរដ្ឋាភិបាល លើវិស័យមនុស្សធម៌ ដោយក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេះ ត្រីខ ១យួរ និងឃីតអនាម័យ ១កញ្ចប់ (សាប៊ូ ០៤ដុំ, សាប៊ូបោកខោអាវ១កញ្ចប់ សំឡីអនាម័យ១ដុំ) ផងដែរ ៕