About Me

header ads

អ្នកធ្វើចត្តាឡីស័កក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៅស្រុកចំការលើ ចំនួន ០៨គ្រួសារ ទទួលបានការឧបត្ថម្ភ ពីសម្តេចតេជោ

ក្រោយកិច្ចប្រជុំពិនិត្យ លើបញ្ជីឈ្មោះ លើប្រជាពលរដ្ឋក្រីក្រ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០ នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩  បានចាត់ឲ្យ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋក្រីក្រ ប៉ះពាល់ដោយប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ចំនួន ០៨គ្រួសារ នៅក្នុងភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។


នាឱកាសនោះ ឯកឧត្តម ហាន កុសល អភិបាលរង ខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំង ០៨គ្រួសារ ។ ឯកឧត្ដម អភិបាលរងខេត្ត មានប្រសាសន៍ថា អំណោយទាំងនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន  ដែលថ្ងៃនេះ រដ្ឋបាលខេត្ត នាំយកមកចែកជូនបងប្អូនទាំង ០៨គ្រួសារ ដែលក្នុង១គ្រួសារៗ ទទួលបានថវិកា ៣០០.០០០រៀល ។ 



ក្រៅពីនោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានឧបត្ថម្ភបន្ថែម នូវ ៖ អង្ករ ២៥គីឡូក្រាម មី ០១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងម៉ាស ចំនួន ១៥ម៉ាស ដល់គ្រួសារនីមួយៗ ផងដែរ ។ ឯកឧត្តម ហាន កុសល  ក្នុងនាម ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ ដល់បងប្អូនប្រជាពលរដ្ឋយើង ឲ្យបន្តចូលរួមថែរក្សាសុខភាព ជាប្រចាំ ជាពិសេស ការយកចិត្តទុកដាក់អនាម័យ ពាក់ម៉ាសនិងការសម្អាតដៃ ជាមួយសាប៊ូ ទឹកអាល់កុល ឬជេល ។



 ក្រៅពីនោះ ត្រូវបន្តចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បី  រួមគ្នាទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ ១៩ ខណៈដែលបច្ចុប្បន្ន ជម្ងឺដ៏កាចសាហាវមួយនេះ កំពុងឆ្លងចូលទៅក្នុងសហគមន៍កម្ពុជាយើងនោះ ៕