About Me

header ads

អាជីវករជាច្រើន ដែលលក់ដូរនៅក្បែរចិញ្ចើមផ្លូវ ជាប់នឹងច្រកទ្វារអន្តរជាតិព្រំ កម្ពុជា-ថៃ ត្អូញត្អែរពីជីវភាពប្រចាំថ្ងៃ ខណ:ជម្ងឺកូវីដ១៩ អូសបន្លាយយូរ

ខេត្តប៉ៃលិន ៖ អាជីវករជាច្រើននាក់ រស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននាំគ្នាត្អូញត្អែរពីជិវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន និងព្រួយបារម្ភខ្លាំងចំពោះបញ្ហារកប្រាក់យកទៅសងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ខណ:ជម្ងឺកូវីដ១៩ បន្តរាតត្បាត អូសបន្លាយរយ:ពេលយូរ នៅទូទាំងពិភពលោក ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ ។ ពីមុនការលក់ដូរកាក់កប ព្រោះមានបុគ្គលិកកាស៊ីណូ និងប្រជាពលរដ្ឋ ឆ្លងដែនចេញចូលទៅពីប្រទេសកម្ពុជាចូលប្រទេសថៃចូលទិញនំចំណី ម្ហូបអាហារ តែពេលហាមប្រាមការឆ្លងដែន ដើម្បីការពារជម្ងឺដ៏កាចសាហាវនេះ អត់សូវមានអ្នកទិញ ដូចកាលពីមុននោះឡើយ ។ 


 ជាក់ស្តែងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ អាជីវករ ឈ្មោះនុត តាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ប្រកបមុខរបរលក់នំដំឡូងមី លក់សាច់មាន់ សាច់គោអាំង និង ឈ្មោះ ឃាង ហ៊ុល ភេទប្រុស អាយុ២៥ឆ្នាំ លក់ទាដុតក្នុងពាង ព្រមទាំងអ្នកលក់ប្រហិត និងគ្រឿង ហូបផ្សេងៗ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងដូចៗគ្នាថា ៖ រហូតមកដល់ពេលនេះ ការលក់ដូររបស់ពួកគេ ពិតជាមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយកាលពីមិនទាន់មានជម្ងឺកូវីដ១៩ចូលមកដល់ ក្នុង១ថ្ងៃ ពួកគាត់អាចរកបានប្រាក់ចំណូល ចាប់ពី៣០ទៅ៤០ម៉ឺនរៀល លុះកូវីដ១៩ វាយប្រហារអស់រយ:ពេលយូរជិត១ឆ្នាំនេះ  ក្នុង១ថ្ងៃ ពួកគាត់លក់ បានប្រាក់ត្រឹមតែ១០ទៅ១៥ម៉ឺនប៉ុណ្ណោះ ដោយខ្វះមុខខ្វះក្រោយ ។ 


ប្រភពបន្តទៀតថា បច្ចុប្បន្ននេះ ពិតជាស្ងាត់ម៉ូយខ្លាំង ខណ:ច្រកទ្វារអន្តរជាតិព្រំ ជាប់ព្រំដែនកម្ពុជាថៃ អនុញ្ញាតិឱ្យត្រឹមតែរថយន្តដឹកទំនិញចូលប៉ុណ្ណោះ រីឯកាស៊ីណូទាំងអស់ ត្រូវបានបិទទ្វារ មិនអាចឱ្យប្រជាពលរដ្ឋ ឬភ្ញៀវទេសចរចូលមកលេងបាននោះឡើយ ។ ដូច្នេះ ទើបធ្វើឱ្យមុខរបរអាជិវកម្មរបស់ពួកគាត់ មានការធ្លាក់ចុះជាងពាក់កណ្តាលតែម្តង ។ 


  បច្ចុប្បន្ន ពួកគាត់កំពុងតែជំពាក់បំណុលគេគ្រប់ៗ គ្នា ដោយមានការព្រួយបារម្ភខ្លាំងចំពោះជីវភាព ហើយថែមទាំងដេកបារម្ភចំពោះការរកប្រាក់ ដើម្បីយកទៅសងជំពាក់ខាងមីក្រូហិរញ្ញវត្ថុផងដែរ ។ តែទោះបីជាយ៉ាងណា ក៏ពួកគាត់មិនអាចសម្ងំសម្រាកនៅផ្ទះបានឡើយ គឺនាំគ្នាពុះពារ ដើម្បីរកប្រាក់ផ្សែផ្សំគ្នា យកទៅសងបំណុលគេ រហូតដល់អស់ បើជម្ងឺនេះនៅតែមានការកើតឡើងក្នុងប្រ ទេសកម្ពុជាក៏ដោយ ៕ 






ដោយ ៖ នីយ៉ា