About Me

header ads

ម្ចាស់ភោជនីយដ្ឋាន (ហាង) ចៅចិត្រ១ ត្អូញត្អែរថា ស្ងាត់ភ្ញៀវជាងមុន ខណ:ជំងឺកូវីដ១៩ កំពុងវាយប្រហារ ប្រទេសកម្ពុជា

 ខេត្តប៉ៃលិន ៖ គេសង្កេតឃើញ ភោជនីយដ្ឋានដែលល្បីរន្ទឺជាងគេនៅក្នុងខេត្តប៉ៃលិនមួយកន្លែង ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានឈ្មោះថា «ចៅចិត្រ១» ហើយនរណាៗ ក្នុងខេត្តប៉ៃលិន ក៏ដូចជាភ្ញៀវទេសចរណ៍ មកពីតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ ព្រមទាំងភ្ញៀវបរទេសមកពីប្រទេសថៃផងដែរ តែងតែចូលទៅទទួលទានអាហារទាំងពេលថ្ងៃ និងពេលយប់ បានកោតសរសើរថា ឆ្ងាញ់  ហើយធូរថ្លៃ ដោយពួកគេតែងនាំបងប្អូនចូលទៅហូបអាហាររួមគ្នានៅទីនោះ ជាញឹកញាប់បំផុត ។ តែរហូតមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ម្ចាស់ហាង១នេះ បានត្អូញត្អែរថា មានការស្ងាត់ភ្ញៀវជាងមុនៗខ្លាំង ខណ:ជំងឺកូវីដ១៩ កំពុងវាយប្រហារពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ ។ 


បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ សុខ សំបូរ ហៅចៅចិត្រ  អាយុ៥៥ឆ្នាំ បានរៀបរាប់ឱ្យដឹងថា បន្ទាប់ពីមានករណីឆ្លងជម្ងឺកូវីដ១៩ សារជាថ្មី មុខរបរលក់ដូររបស់គាត់ ហាក់ដូចជាមានការធ្លាក់ចុះជាងមុនឆ្ងាយ ប្រហែលជា៣០ភាគរយឬលើសនេះ ដោយអត់សូវឃើញមានភ្ញៀវចូលមកទទួលអាហារច្រើនកុះករដូចមុននោះទេ ។ លោកបន្តទៀតថា ប៉ុន្តែ ទោះបីជាយ៉ាងណា ខាងលោក ក៏បានធ្វើតាមការណែនាំរបស់ក្រសួងសុខា ភិបាល ក៏ដូចជាអាជ្ញាធរខេត្តប៉ៃលិន ដោយមានដាក់ទឹកអាល់កុល ទុកសម្រាប់ភ្ញៀវលាងដៃ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ចូលទៅក្នុងសហគមន៍ ។ លោកបញ្ជាក់ទៀតថា អាហារនៅក្នុងហាងរបស់ខ្លួនមានដូចជា ពោះគោ សម្ល គ្រប់មុ ភីភាពោះគោ និងឆាក្រវ៉ាញ ជាដើម ដោយការលក់ដូរក្នុងហាងនេះ មិនមានតម្លៃខ្ពស់លើសជាងកន្លែងដទៃនោះឡើយ ។ 



  ចំណែក បុរសម្នាក់ ឈ្មោះ សុខ បុរី អាយុ២៣ឆ្នាំ ជាកូនម្ចាស់ហាងខាងលើ ក៏បានឱ្យដឹងដែរថា រហូតមកដល់ពេលនេះ មានការស្ងាត់ភ្ញៀវខ្លាំងជាងមុន ដោយពេលថ្ងៃឃើញអ្នកចូលមកទទួលទានអាហារមួយៗ ប៉ុណ្ណោះ រីឯពេលយប់មានភ្ញៀវមកលេងរហូតដល់ត្រឹម១១ និង០០នាទីយប់ ក៏ស្ងាត់ភ្ញៀវអស់រលីង ពោលគឺអត់មានអ្នកចូលមកទទួលទានអាហារដូចកាលមុននោះទេ ដែលពីមុនគឺចាប់តាំងពីល្ងាចរហូតដល់ម៉ោង១ ឬ២រំលងអធ្រាត្រ ទើបគេត្រឡប់ទៅផ្ទះវិញអស់ ។



ប្រភពបញ្ជាក់ទៀតថា ពេលនេះ បុគ្គលិកធ្វើការក្នុងហាងក៏មានការកាត់បន្ថយផងដែរ ដោយមានត្រឹម តែ៣ទៅ៤នាក់សម្រាប់លើកអាហារឱ្យភ្ញៀវប៉ុណ្ណោះ ដែលខុសប្លែកពីលើកមុន គឺមានចាប់ពី១០នាក់ឡើងលើ ។ ទោះបីជាយ៉ាងណា ក៏អាហារដ្ឋានរបស់ខ្លួន មិនបិទទ្វារដែរ គឺបើកឱ្យដំណើរ ការដូចធម្មតា ទោះបីជាមានភ្ញៀវតិចឬច្រើនក៏ដោយ ៕ 





ដោយ ៖ នីយ៉ា