About Me

header ads

ព្រឹត្តិការណ៍កូវីដសហគមន៍ថ្ងៃ 28 ខេត្តកំពង់ឆ្នាំងមានអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលចំនួន 68 នាក់បានយកសំណាកទៅធ្វើតេស្ត 47 នាក់លទ្ធផលអវិជ្ជមានទាំងអស់

ខេត្តកំពង់ឆ្នាំង: ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវិជ្ជបណ្ឌិត ប្រាក់វ៉ុន នៅព្រឹកថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2020 នេះបានឲ្យក្រុមអ្នកយកព័ត៌មានដឹងថា ព្រឹត្តិការសហគម 28 វិច្ឆិកាសម្រាប់ខេត្តកំពង់ឆ្នាំងមានអ្នកប៉ះពាល់ប្រយោល និងដោយផ្ទាល់សរុបចំនួន 68 នាក់ ក្នុងនោះមន្ទីរបានយកសំណាកទៅធ្វើតេស្ត ចំនួន 47 នាក់ មកដល់ថ្ងៃទី 11 ខែវិច្ឆិកានេះ គឺមានលទ្ធផលអវិជ្ជមានទាំងអស់ ។ 


លោកអោយដឹងថាដោយឡែកអ្នកប៉ះពាល់ទាំង68 នាក់ខាងលើនេះមន្ទីរសុខាភិបាលបានយកគាត់មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យខេត្តចំនួន 2 នាក់ដែលប៉ះពាល់ដោយផ្ទាល់។ 


ដោយឡែក 66 នាក់ផ្សេងទៀតបានឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ប៉ុន្តែក៏មានការតាមដានពីមន្ត្រីសុខាភិបាលនិងអាជ្ញាធរឃុំស្រុកផងដែរ។ 


ជាមួយគ្នានេះដែរអ្នកអវិជ្ជមានទាំងអស់ខាងលើនេះក៏ត្រូវតែធ្វើតេស្តជាលើកទីពីរម្ដងទៀតនៅ 13 ថ្ងៃក្រោយនៃការធ្វើតេស្ដលើកទី 1នេះមក ។


យោងតាមរបាយការណ៍ដែលបានសរុបនៅក្នុងឆ្នាំ 2020 នេះអ្នកប៉ះពាល់កូវីត១៩ នៅក្នុងខេត្តកំពង់ឆ្នាំងសរុបមានចំនួន654 នាក់ដែលជាលទ្ធផលគឺ វិជ្ជមានចំនួន 3 នាក់ ។


លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថាចំពោះវិធានកា ក្នុងព្រឹត្តិការណ៍សហគមន៍ថ្ងៃ 28 វិច្ឆិកា មន្ទីរសុខាភិបាលបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគចល័តនៅតាមទីផ្សារនិងនៅតាមមន្ទីរចំនួនប្រាំកន្លែង នៅក្នុងក្រុងកំពង់ឆ្នាំង ។ 


ជាមួយគ្នានេះដែរតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត អាជ្ញាធរគ្រប់ស្រុក ក្រុង និងមន្ទីរពេទ្យបង្អែកនៅតាមស្រុកក៏បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគគ្រប់ទីផ្សារធំៗនៅក្នុងស្រុកផងដែរ ដើម្បីទប់ស្កាត់និងការពារការរីករាលដាលជម្ងឺមកដល់សហគមន៍។ 


លោកវិជ្ជបណ្ឌិត ប្រាក់វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានសំណូមពរផងដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានសូមមេត្តាចូលរួមរក្សាអនាម័យការពារជំងឺកូវីដទាំងអស់គ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវលាងដៃជាមួយសាប៊ូនិងអាកុលហើយត្រូវពាក់ម៉ាសជាប់ជានិច្ចនៅពេលចូលទៅកាន់ទីកន្លែងដែលមានមនុស្សច្រើន ដោយត្រូវរក្សាគម្លាតពីគ្នាអោយបានយ៉ាងតិច 1 ម៉ែត្រកន្លះផងដែរ ទើបយើងអាចការពារជំងឺកូវីត១៩ មិនឲ្យរាលដាលឆ្លងចូលមកក្នុងសហគមន៍យើងបាន ៕

ដោយសុក្ខារិន