About Me

header ads

តម្លៃទីផ្សារស្វាយកែវរមៀតខ្ចី (ខៀវ) នារដូវប្រមូលផលចុងឆ្នាំ២០២០នេះ មានការធ្លាក់ចុះ ខណ:បង់ថ្លៃនៅច្រកទ្វារ៤កន្លែង

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋមានការរអ៊ូរទាំ និងព្រួយបារម្ភយ៉ាងខ្លាំង ខណ:តម្លៃទីផ្សារស្វាយកែវរមៀតមានការធ្លាក់ចុះ ហើយការបង់ថ្លៃនាំចេញនៅច្រកទ្វារអន្តរជាតិ រហូតដល់ចំនួន៤កន្លែង ដែលធ្វើឱ្យពួកគាត់ម្នាក់ៗ មានការលំបាក ជាពិសេសប្រឈមនឹងបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃ ។ 


  ជាក់ស្តែងកាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានការកសិករម្នាក់ ឈ្មោះ ជា ភេទប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធ ឈ្មោះ ភៀន អាយុ៥០ឆ្នាំ រស់នៅក្រុងប៉ៃលិន បានដាំស្វាយកែវរមៀត ចំនួនជិត៥០០ដើម នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងប្រមូលផលបានជាង៨តោន លក់ឱ្យឈ្មួញដឹកយកទៅលក់បន្តនៅប្រទេសថៃ ខណ:ស្វាយឆ្នាំ២០២០នេះ ហាក់ដូច ជាអត់សូវមានផ្លែច្រើនដូចឆ្នាំមុន ។ 


  បើតាមការរៀបរាប់ពីឈ្មួញម្នាក់ ឈ្មោះ ជាន ធុច ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ តម្លៃទីផ្សារស្វាយកែវរមៀតខៀវ(ខ្ចី) ឥឡូវមានការធ្លាក់ចុះជាងឆ្នាំមុន ដោយគាត់ទិញពីកសិករក្នុង១គីឡូក្រាមតម្លៃ៥០០ទៅ៨០០រៀលប៉ុណ្ណោះ ខណ:ពេលឆ្នាំមុន ឈ្មួញ (គាត់) ហ៊ានទិញក្នុងតម្លៃខ្ពស់ ដោយ១គីឡូក្រាម ១២០០រៀល ទៅ១៥០០រៀលក្នុង១គីឡូក្រាម ។ គាត់បន្តទៀតថា បើតម្លៃទីផ្សារមានការធ្លាក់ចុះបែបនេះ ធ្វើឱ្យប្រជាកសិករមានការលំបាក និងព្រួយបារម្ភខ្លាំងចំពោះជីវភាពប្រចាំថ្ងៃ ព្រោះទីផ្សារទាប គាត់ហ៊ានទិញពីកសិករក្នុងតម្លៃ ទាបដូចគ្នា ដោយគាត់នាំចេញទៅលក់ដូរមានការលំបាក ដោយបង់ថ្លៃនាំចេញចំនួន៤កន្លែង គឺត្រូវបង់ឱ្យខាងមន្រ្តីគយប្រចាំច្រកទ្វារ ក្នុង១រថយន្តតម្លៃ៨០០០០រៀល តែសុំចុះនៅត្រឹម៥០០០០រៀល បង់ឱ្យអ្នកយាមច្រកទ្វារ ៥០០០រៀល បង់ឱ្យមន្រ្តីនៅក្បែរអ្នកយាមច្រកទ្វារ ថ្លៃទិញសំបុត្រ៥០០០០រៀល និងបង់ថ្លៃនាំចូលនៅខាងភាគីថៃ តម្លៃ២៥០០បាត (ប្រាក់ថៃ) សរុបទៅគឺអស់ជាង៤០ម៉ឺនរៀល ពោលគឺ ក្នុងការដឹកនាំចេញទៅលក់ដូរនៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិព្រំក្នុង១ជើងឬមួយរថយន្ត ។ ពួកគាត់ក៏សំណូមពរឱ្យខាងភាគីខ្មែរ និងខាងភាគីថៃ មានការបន្ធូរបន្ថយតម្លៃបង់នៅច្រកទ្វារ ព្រោះតម្លៃទីផ្សារកសិផលទាបហើយ មានការបង់ថ្លៃច្រកអស់ច្រើនកន្លែងថែមទៀត ។ 

  ពាក់ព័ន្ធនឹងបញ្ហានេះភ្នាក់ងារយើង បានព្យាយាមទាក់ទងតាមទូរស័ព្ទទៅ លោក ឃឹម ប៉េងថុង ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ ដែលទើបនឹងឡើងកាន់តំណែងដែរ តែបានបិទទូរស័ព្ទ មិនអាចទាក់ទងបានឡើយ ។ តែទោះបីជាយ៉ាងណា ភ្នាក់ងារយើងនឹងធ្វើការស្រាយបំភ្លឺ បើសិនជា មិនមានការបង់ប្រាក់អស់ច្រើនកន្លែង ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ ៕ 




ដោយ ៖ នីយ៉ា