About Me

header ads

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សា០១ខ្នង ៣បន្ទប់ នៅសាលាបឋមសិក្សាបឹងវែង ស្រុកបាធាយ

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម កៅ សុខអាន អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សា០១ខ្នង ៣បន្ទប់ នៅសាលាបឋមសិក្សាបឹងវែង ស្រុកបាធាយ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាជំនួយការផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន មាតា បិតា អាណាព្យបាលសិស្ស លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ជាច្រើនរូបទៀតផងដែរ ។ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម បានមានប្រសាន៍ថា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ។


 ដោយឡែក សមិទ្ធផល ជាអគារសិក្សា ១ខ្នង ស្មើនឹង ៣បន្ទប់ បានលេចចេញជារូបរាងនៅទីនេះ សម្រាប់ទុកឲ្យក្មួយៗសិស្សានុសិស្ស មានទីកន្លែងសិក្សារៀនសូត្រ ក៏ដូចជា លោកគ្រូ អ្នកគ្រូ បង្រៀនដល់សិស្សានុសិស្ស ឲ្យទទួលបានចំណេះដឹង គុណធម៌ សេចក្តីថ្លៃថ្នូរ ដើម្បី ក្លាយជាទំពាំងស្នងឫស្សី និងបានចូលរួមជួយអភិវឌ្ឍប្រទេសជាតិយើង បន្តទៅមុខទៀត ។ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សាលារៀនជាថ្នាក់បណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់ ដែលជាមូលដ្ឋានគ្រឹះ តែមួយគត់ នៃការអភិវឌ្ឍសង្គមជាតិ ។


 ឯកឧត្ដម បញ្ជាក់ទៀតថា គ្មានអ្នកណាម្នាក់ អាចរីកចម្រើនទៅបាន ដោយគ្មានការរៀនសូត្រនោះទេ ។ ដូច្នេះមានតែចំណេះដឹង ដែលជួយធ្វើការអភិវឌ្ឍ ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ទាំងមូល ។ ឯកឧត្ដម ក៏បានគូសបញ្ចាក់អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ដែលបានដឹកនាំប្រទេសជម្នះគ្រប់ឧបសគ្គ បព្ចាប់សង្គ្រាម និងដណ្ដើម បានជោគជ័យជាច្រើន ទាំងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ ទាំងពីបាតដៃទទេ រហូតដល់ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ។ឯកឧត្ដម បានផ្តាំផ្ញើដល់ឪពុកម្តាយ អាណាព្យបាលសិស្ស ត្រូវខិតខំជួយអប់រំដល់កូនចៅ របស់ខ្លួននៅផ្ទះ បន្ថែមលើអ្វីដែលបានសិក្សារៀនសូត្រ នៅសាលារៀន ជាពិសេស មាតាបិតា ចាំបាច់ត្រូវជម្រុញ និងផ្តល់ឱកាស ដល់កូនចៅរបស់ខ្លួន  បានទៅសាលារៀនគ្រប់ៗគ្នា និងឱ្យកូនចៅរៀនសូត្រ យ៉ាងហោចណាស់បានចប់មធ្យមសិក្សាបឋមភូមិ ឬថ្នាក់ទី៩ ៕