លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយជាមួយក្រុមគ្រួសាររងគ្រោះ ឆេះលំនៅដ្ឋាន និងទ្រព្យសម្បត្ត

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ថា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម  អមដំណើរដោយលោកនាយក មន្ត្រីប្រតិបត្តិសាខា រួមជាមួយ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម  ជូនដល់ជនងាយរងគ្រោះ ដោយអគ្គីភ័យ ២ គ្រួសារ រស់នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។

 


លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិ ដែលខំសន្សំច្រើនឆ្នាំកន្លងមក អស់គ្មានសល់ ។ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា  ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែបារម្ភ អំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំងជនរងគ្រោះ ជនងាយរងគ្រោះ  ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា  តាមទិសស្លោក " កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល " ។  លោកជំទាវ អភិបាលរងខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស។ ពេលចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី  ពន្លត់ ភ្លើងចង្ក្រាន ពន្លត់ទៀនធូប រួមទាំង ការបិទបើកហ្គាស ក៏ត្រូវប្រយ័ត្នប្រយែង ដើម្បីការពារកុំឲ្យកើតមានមហន្តរាយផ្សេងៗ ។ ម៉្យាងទៀត ការ តភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវពិនិត្យរៀបចំ ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ផងដែរ ។  


ជាមួយនោះ លោកជំទាវ ប៉ាង ដានី បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេស ទារក កុមារ និងមនុស្សវ័យចាស់ ដែលមានហានិភ័យខ្ពស់ សូមលើកកំពស់ការថែទាំសុខភាព ឱ្យបានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ៣យ៉ាង ក្នុងស្ថានភាពអាកាសធាតុត្រជាក់នៃរដូវរងា នេះ  ជាពិសេស ត្រូវបង្កើនការការពារខ្លួនជាប្រចាំ  ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារអប់រំ របស់ក្រសួងសុខាភិបាល ជាអាទិ៍ការលាងសំអាតដៃញឹកញាប់, ការប្រើក្រម៉ា ការពាក់ម៉ាស់ ពេលចាំបាច់ , ការរក្សានូវគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល ដើម្បី ជៀសអោយផុតពីការឆ្លងនៃជម្ងឺកូវីដ ១៩ ដ៏កាចសាហាវ នេះ ។ 

អំណោយដែលផ្តល់ជូនក្នុង១គ្រួសារ រួមមាន  ៖ អង្ករ ៥០ គីឡូ មីយើង ១ កេស, ត្រីខ ១ យួរទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត(មុង ភួយ សារុង ក្រម៉ា ) ១ កញ្ចប់, តង់ ១ អាវយឺត ៨ សម្ភារដំណេក និង សម្ភារ ផ្ទះបាយ ១ សម្រាប់ និងថវិកាចំនួន ១លានរៀល ។