About Me

header ads

ថ្នាក់ដឹកនាំខេត្តរតនគិរី ប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣- ៩វិច្ឆិកាឆ្នាំ២០២០

ខេត្តរយនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកានិងទិវាកំណើតកងយោធពលខេមរភូមិន្ទ ។


ពិធីជាប្រវត្តិសាស្រ្តនេះប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃចន្ទទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នៅ វិមានស្តូបមិត្តភាពអនុស្សាវរីយ៍កម្ពុជា-វៀតណាម ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ក្រោមវត្តមានឯកឧត្តមថង សាវុន អភិបាលខេត្តព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង៩ ប្រធានមន្ទីមន្រ្តីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។


 ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា ថ្ងៃនេះគឺជាទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០)  គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា របស់ប្រជាជាតិខ្មែររំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះព្រះវិញ្ញាណខ័ន្តព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់បានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យការពុះពារឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាង ដូចបច្ចុប្បន្ននេះ។


ដើម្បីបន្គគំរូវីរភាព ដ៏ឧត្តុងឧត្តមថ្លៃថ្លានេះកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សារាល់សមិទ្ធផល របស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងរួបរួមក្នុងមហាសាមគ្គីជាតិដ៏ទូលំទូលាយ ដោយគ្មានការកើតឡើងជាថ្មីទៀត នូវសង្គ្រាមសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល។


ក្នុងនាមអង្គពិធីទាំងមូលបានសម្ដែងនូវកត្តញ្ញូតាធម៌នឹងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវរៈរាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញញា្ញណជំនះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ផ្សះផ្សាជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្ត៕

(ផង់វិន)