About Me

header ads

ខឹងសង្សារមិនចូលដេកផ្ទះសំណាក់ លេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសស្រស់សង្ហាម្នាក់ខឹងតូចចិត្តហៅសង្សារចូលផ្ទះសំណាក់មិនបាន បែជាលេបថ្នាំអស់៣បន្ទះប៉ុនប៉ងស្លាប់ខ្លួនទៅវិញ សំណាងល្អម្ចាស់ផ្ទះឃើញទាន់ ក្នុងសភាពរឹងដៃជើង រាយការណ៍ទៅសមត្ថកិច្ច ស្នើសុំអន្តរាគមន៍រថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង២រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅផ្ទះសំណាក់លីនណាអង្គរ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ជនរងគ្រោះមានអាយុជាង២០ឆ្នាំ ក្នុងសភាពប្រកាច់ សន្លប់ស្តូកស្តឹង បែកពពុះមាត់ស្កុល នៅលើទ្រូងជនរងគ្រោះ ដេកឱបរូបថតស្រីម្នាក់ និងសំបកថ្នាំពេទ្យ៣បន្លះក្បែរខ្លួន ។




តាមសម្តីអ្នកមើលការខុសត្រូវផ្ទះសំណាក់បានឲ្យដឹងថា ជនរងគ្រោះបានជួលបន្ទប់ដេកជាន់ទី១ សម្រាក តាំងពីល្ងាចថ្ងៃទី០៨ ខែតុលា ម្សិលមិញ ជួលដេកសម្រាក១ថ្ងៃ លុះដល់វេលាម៉ោង២រសៀល ថ្ងៃទី០៩ ទៅហើយមិនឃើញចេញ ព្រោះថាអស់ម៉ោងជួលហើយ ទើបបុគ្គលិកបម្រើការងារ ឡើងទៅគោះទ្វារហៅមិនសូរឆ្លើយ ចាក់សោបើកមើល ទើបប្រទះឃើញជនរងគ្រោះដេកប្រកាច់ សន្លប់បែកពពុះមាត់ រាយការណ៍ទៅសមត្ថកិច្ច ស្នើសុំរថយន្តសង្គ្រោះ ដឹកជនរងគ្រោះយកទៅសង្គ្រោះឯមន្ទីរពេទ្យ ។តែបើប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ជនរងគ្រោះ ជួលបន្ទប់ផ្ទះសំណាក់ដេកសម្រាក ហើយទូរស័ព្ទហៅសង្សារមកដេកជាមួយ តែខាងស្រីមិនព្រម ទើបកើតក្តីមួរម៉ៅ តូចចិត្តលេបថ្នាំ ប៉ុនប៉ងសម្លាប់ខ្លួន និងរកចងក តែមិនបាសម្រេច គេឃើញទាន់ ។ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕