About Me

header ads

ដំណាំស្រូវប្រជាកសិករ ៦៧ហិកតា នៅស្រុកចន្ទ្រា កំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងខេត្តស្វាយរៀង

ស្វាយរៀង៖ ប៉ុន្មានថ្ងៃ​បន្ទាប់​ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នោះបង្កជាជំនន់ទឹកភ្លៀងវាយប្រហារខេត្តស្វាយរៀង ដោយបានប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករចំនួន៦៧ហិកតា ក្នុងឃុំចន្ទ្រា ស្រុកចន្រ្ទា ខេត្តស្វាយរៀង​។​ នេះបើយោងតាមលោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារក្រុមអ្នកសារព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។លោក សុខ សុទ្ធាវុធ បានឲ្យដឹងថា ក្រុមការងារមន្ទីរកសិកម្ម និងអាជ្ញាធរស្រុកចន្ទ្រា បានចុះពិនិត្យជាក់ស្ដែងដំណាំស្រូវ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅឃុំចន្ទ្រា ស្រុកចន្ទ្រា។


ដោយផ្អែកលើរបាយការណ៍របស់លោកមេឃុំចន្ទ្រា និងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ស្របពេលមានការបើកទ្វារទឹកមកពីខាងលើ មានអាងទឹកដូនទយ អាងទឹកធ្លកកំបុត និងអាងទឹកស្វាយយា បណ្ដាលឲ្យលិចស្រូវរបស់ប្រជាពលរដ្ឋ និងដោយសារតំបន់នោះជាតំបន់ធ្វើស្រូវប្រដេញទឹករៀងរាល់ឆ្នាំនៅខែវិច្ឆិកា ប៉ុន្តែពួកគាត់បានធ្វើស្រូវប្រដេញទឹកនៅដើមខែកញ្ញា ដោយសារពួកគាត់ខ្លាចខ្វះទឹកជាហេតុនាំឲ្យជួបបញ្ហាគ្រោះធម្មជាតិជំនន់ទឹកភ្លៀង (ស្រូវអាយុកាល២០ថ្ងៃ)។លោកបានបន្តថា ដោយផ្អែកតាមការពិនិត្យជាក់ស្តែងផ្ទៃដីសរុបពីរភូមិមានចំនួន ៦៧ហិកតា ប៉ះពាល់ ៣៥ហិកតា ខូចខាតសរុប ៣២ហិកតាស្មើនឹង ២៦គ្រួសារ។ ក្នុងនោះ ភូមិសែនតផ្ទៃដីសរុប ៣៥ហិកតា ប៉ះពាល់សរុប ២៥ហិកតា ខូចខាតទាំងស្រុង ១០ហិកតា ស្មើ១០គ្រួសារ, ភូមិចន្ទ្រាផ្ទៃដីសរុប ៣២ហិកតា ប៉ះពាល់១០ហិកតា ខូចខាតទាំងស្រុង ២២ហិកតា ស្មើ១៦គ្រួសារ ផ្ទៃដីដែលប៉ះពាល់និងខូចខាតមានទីតាំងតាមមាត់អូរនិងបឹង។


លោកបានបន្តថា «ក្នុងនាមមន្ទីរកសិកម្ម តែងតែជំរុញឲ្យកសិករយកចិត្តទុកដាក់ស្ដាប់តាមការណែនាំរបស់ការិយាល័យកសិកម្មស្រុក មន្ទីរកសិកម្ម និងការព្យាករណ៍ឧតុនិយម មុនសម្រេចចិត្តធ្វើការដាំដុះ និងជ្រើសពូជដែលធន់នឹងការរាំងស្ងួត ទឹកជំនន់ និងត្រៀមពូជសម្រាប់ធ្វើការដាំដុះស្ដារឡើងវិញនៅពេលទឹកស្រក»។ចំណែកលោក ណុប ទូច អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានឲ្យដឹងថា ចំពោះជំនន់ទឹកភ្លៀងនៅខេត្តស្វាយរៀង មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយឥឡូវនេះលោកកំពុងតែចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង៕