About Me

header ads

ផ្លូវក្រាលគ្រួសក្រហមមួយខ្សែនៅឃុំ យ៉ាទុង ស្រុកអូរយ៉ាដាវ ត្រូវបានសម្ពោធដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ

ខេត្តរតនគិរី៖ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង  ៣,១៥០ម៉ែត្រ និងស្ពានឈើក្បាលបេតុង ប្រវែង២៤ម៉ែត្រ  នៅឃុំ យ៉ាទុង  ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីត្រូវបានសម្ពោធដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៧ ខែតុលា  ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ណាវុធអនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលនិងលោកជំទាវ ញាន ទិត្យចិន្តាអភិបាលរងខេត្តរតនគិរី។



 ឯកឧត្តម  ប៉េង  ណាវុធ បានលើកឡើងថា៖ ផ្លូវក្រាលគ្រួសក្រហមនេះ ជាសមិទ្ធផលថ្មីមួយទៀតនៅក្នុង ភូមិពាក់ ឃុំយ៉ាទុង  ស្រុកអូរយ៉ាដាវ  ខេត្តរតនគិរី សម្រាប់បំរើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលពីមុនផ្លូវនេះជាផ្លូវលំដី មានការលំបាកក្នុងការធ្វើដំណើរដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ 



ឯកឧត្តមក៏បានលើកឡើងពីតម្លៃនៃសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខទើបយើងមានឱកាសកសាង អភិវឌ្ឍភូមិ ឃុំ ឱ្យរីកចំរើនទៅបានដូចសព្វថ្ងៃនេះ ហើយ សន្តិភាពថ្ងៃនេះ ជាសន្តិភាពរួម របស់ប្រជាជាតិខ្មែរទាំងមូល យើងមិនអាចមើលឃើញការខ្វះខាត និងបញ្ហាតូចតាចមួយចំនួន ហើយភ្លេចគុណតម្លៃ នៃសន្តិភាព ដែលជាអាយុជីវិត របស់យើងនោះឡើយ។ 



ឯកឧត្តមអនុរដ្ឋលេខាធិការក៏សូមអរគុណផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្ត លើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានគាំទ្រជានិច្ច ឱ្យសម្តេច មានឱកាស ដឹកនាំប្រទេសជាតិ បន្តទៅមុខទៀត។



 អារម្មណ៍ខ្វល់ខ្វាយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺតែងតែនៅដក់ជាប់ ជាមួយនឹងទឹកដី ជាមួយនឹងប្រជាជន និងតែងបានខិតខំ បម្រើប្រប្រជាជនខ្មែរទាំងអស់ ធ្វើយ៉ាងណារក្សាសន្តិភាព កុំឱ្យប្រជាជនវេទនាសារជាថ្មី ដោយសារសង្គ្រាម, ខិតខំកសាង ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ ទឹក ភ្លើង, ខិតខំទាក់ទាញវិនិយោគ មកបង្កើតរោងចក្រ បង្កើតការងារ និងបង្កើនឱកាសនានា គ្រប់បែបយ៉ាង ឱ្យដល់ប្រជាពលរដ្ឋទាំងអស់គ្នា។



សមិទ្ធផលខាងលើកើតឡើងពីគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋានក្នុងឆ្នាំ២០២០ ដែលបានចំណាយថវិកាក្នុងការសាងអស់  ៤៤,៥៤០.៦១  (សែសិបបួនពាន់ ប្រាំរយសែសិបដុល្លារកណ្តក់សញ្ញាហុកសិបមួយ)៕





(ផង់វិន)