About Me

header ads

ជំនន់ទឹកស្ទឹងព្រែកត្នោតលិចសង្កាត់ចំនួន៥របស់ខណ្ឌដង្កោ

ភ្នំពេញ៖ សង្កាត់ចំនួន៥របស់ខណ្ឌដង្កោត្រូវបានរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោតដែលបានជន់លិចភូមិឋានផ្ទះសម្បែងប្រជាពលរដ្ឋជិត២០០ខ្នង ប៉ុន្តែពុំបានបណ្ដាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតនោះឡើយ។គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ នៅតែបន្តកើនឡើងដដែល ចំណែកមេឃក៏បានបន្តធ្លាក់ភ្លៀងផងដែរ។

តាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌដង្កោបានឲ្យដឹងថា សង្កាត់ទាំង៥ខាងលើស្ថិតនៅតាមសណ្ដរស្ទឹងព្រែកត្នោត ត្រូវបានទឹកជនលិចចូលដល់ផ្ទះចំនួន១៧៣ខ្នង ហើយបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន៦៩៥នាក់។ ទី១,សង្កាត់សាក់សំពៅ លិចចំនួន០៦ភូ​មិ ​ស្មើរនឹងចំនួន២២ខ្នងប៉ះពាល់មនុស្សចំនួន៦៩នាក់។ទី២,សង្កាត់គងនយ​ លិចចំនួន០២ភូ​មិមានផ្ទះចំនួន៩០ខ្នងប៉ះពាល់មនុស្ស​ចំនួន៤២២នាក់។ទី៣,សង្កាត់ព្រៃស​​ លិច១ភូ​មិ មានផ្ទះចំនួន៣៥ខ្នងមនុស្សចំនួន១២៩នាក់។ទី៤,សង្កាត់ដង្កោ​​ លិច១ភូ​មិ ​មានផ្ទះចំនួន២១ខ្នងមនុស្សចំនួន៥០នាក់​​​។ទី៥,សង្កាត់ទៀន​​ លិច១ភូ​មិមានផ្ទះចំនួន០៥ខ្នងមនុស្ស​ចំនួន២៥នាក់។នេះជាចំនួនដែលបានដកស្រង់កាលពីថ្ងៃទី១០និង១១ ខែតុលា ឆ្នាំ២០២០ ហើយវានិងអាចកើនឡើងច្រើនថែមទៀតនៅថ្ងៃបន្តបន្ទាប់ទៀត ហើយអាជ្ញាធរសង្កាត់ និងខណ្ឌខាងលើបានរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋរួចរាល់ហើយ។




ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់មានការព្រួយបារម្ភចំពោះស្ថានភាពទឹកដែលចេះតែកើនឡើងជាកំដាប់ពីមួយថ្ងៃទៅមួយថ្ងៃដែលនិងអាចលិចខ្លាំងជាងនេះទៀត ព្រោះប៉ុន្មានថ្ងៃកន្លងមកនេះមេឃបានបន្តធ្លាក់ភ្លៀងមិនឈប់ម្យ៉ាងទឹកបុកពីលើ(ខេត្តកំពង់ស្ពឺ)ខ្លាំងទៀតផង។ខណៈទំហំទឹកបានធ្វើឲ្យមានការលិចលង់ផ្ទះសម្បែងច្រើនខ្នងរួមជាមួយហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ហើយបើទឹកនៅតែបន្តឡើងទៀតនោះចៀសមិនផុតពីការជនលិចដំណាំស្រូវនោះឡើយ៕